ប្រធានាធិបតីប្រេស៊ីល ដែលត្រូវព្រឹទ្ធសភាទើបតែដកតំណែងប្រធានាធិបតីលោកស្រី Dilma Rouseff បានបន្តប្តឹងទៅកាន់តុលាការកំពូល ប្រឆាំងទៅនឹងការដកតំណែងនោះ។ លោកស្រី Dilma Rouseff បញ្ជាក់ថា ការចោទប្រកាន់របស់ ព្រឹទ្ធសភា ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើប្រាស់ខុសច្បាប់មូលនិធិជាតិគឺជារឿងមិនសមស្រប ។
ក្រោយការបោះឆ្នោតទម្លាក់តំណែងរបស់លោកស្រី Dilma Rouseff នៅក្នុងព្រឹទ្ធសភា អនុប្រធានាធិបតី Michel Temer ឡើងកាន់តំណែងជំនួស ដឹកនាំប្រេស៊ីលរហូតដល់ឆ្នាំ២០១៨ ទើបបញ្ចប់អាណត្តិនិងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។
លោកស្រី Dilma Rouseff បានប្រកាសប្រឆាំងនឹងការសម្រេចរបស់ព្រឹទ្ធភា ដោយលោកស្រីបន្តប្តឹងឡើងទៅកាន់តុលាការកំពូល ។ មេធាវីរបស់លោកស្រី គឺលោក Jose Edouardo Cardozo បញ្ជាក់ថា ការចោទប្រកាន់ប្រឆាំងលោកស្រី Dilma Rouseff គឺជារឿងមិនសមហេតុផល ដូច្នេះលោកស្រីត្រូវតែបន្តប្តឹងទៅកាន់តុលាការកំពូល ។
ក្រោយការសម្រេចរបស់ព្រឹទ្ធសភា មានពលរដ្ឋជាច្រើនបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆំាងការដកតំណែង លោកស្រី Dilma Rouseff ។ បាតុកម្មបានកើតឡើងនៅគ្រប់ទិសទី ក្នុងទីក្រុងធំៗរបស់ប្រេស៊ីល ។
ក្រុមអ្នកឯកទេសវិភាគនយោបាយបញ្ជាក់ថា នឹងមាន វិបត្តិកាន់តែធ្ងន់នៅក្នុងប្រទេសប្រេស៊ីល ពេលដែលអ្នកគាំទ្រលោកស្រីនាំគ្នាបាតុកម្មកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕ ម៉ែវ សាធី
សូមអានបន្ត ៖ ឆ្កែព្រៃ និង ឆ្កែ Hyena ចាប់សត្វស៊ីទាំងរស់ (មានវីដេអូ)