រដ្ឋាភិបាលមីយ៉ាន់ម៉ារំពឹងថា សេដ្ឋកិច្ចនឹងរីកចម្រើនក្រោយពេលដែលលើកលែង ការដាក់កំហិតទៅលើការនាំចេញប្រេងឆៅ ពេជ្រ និងមាសនៅដើមឆ្នាំក្រោយនេះពោលគឺកាត់ចេញពីបញ្ជីទំនិញដែលត្រូវបានដាក់កំហិត។
កាលពីដើមឆ្នំាមុនរដ្ឋាភិបាលមីយ៉ាន់ម៉ាបានដកទំនិញចំនួន៥ប្រភេទចេញពី បញ្ជីទំនិញនេះក្នុងនោះរួមមានប្រភេទប្រេង នីហ្គែរ ប្រេងស្ពៃខៀវ ប្រេងផ្កាឈូករ័ត្ន ប្រេង សម្រាប់ធ្វើនំ និងសម្បកបង្គាដែលត្រូវបានប្រើសម្រាប់ចំណីសត្វជាដើម។
លោក U Khin Maung Lwin អនុរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយនឹងមានការលើកលែងនូវការដាក់កំហិតទៅលើទំនិញដូចជា មាស ពេជ្រ និងប្រេងឆៅ បន្ទាប់ពីបានពិភាក្សាជាមួយនឹងស្ថាប័នដែលជាប់ពាក់ព័ន្ធ។
អ្នកជាប់ពាក់ព័ន្ធទាំងនោះរួមមានក្រសួង ធនធានធម្មជាតិ និងបរិស្ថាន សមាគម សហគ្រាសមាសមីយ៉ាន់ម៉ា សមាគមរ៉ែ មីយ៉ាន់ម៉ា និងសមាគមសហគ្រាសត្បូង និងគ្រឿងអលង្ការ ព្រមទាំងនាយកដ្ឋាន គយ ហើយនិងធនាគារកណ្តាលផងដែរ។
លោកបានបន្ថែមទៀតថា ក្រសួងនេះនឹងអនុញ្ញាតឱ្យមានការនាំចូលនិងនាំចេញ នូវផលផលិតផលទាំងនោះ។ ប្រសិនបើក្រុមហ៊ុនមួយត្រូវបានអនុញ្ញាតឱ្យនាំចូលមាសពីបរទេសវាគួរតែត្រូវបាននាំចេញគ្រឿងអលង្ការផងដែរ៕ ម៉ែវ សាធី