ម្សិលមិញនេះក្រុមសហជីពជាច្រើនបានជួបប្រជុំគ្នារកដំណោះស្រាយជូនសមាជិក របស់ខ្លួនជាកម្មករ កម្មការិនី ដើម្បីបានប្រាក់ខែគោលអប្បបរិមាមួយយ៉ាងសមស្រប សមនឹង ជីវរស់នៅប្រចាំថ្ងៃ ។
នាយជាលឮដំណឹងថា ក្រុមសហជីពទាំងនោះបានចំណាយពេលច្រើនថ្ងៃដើម្បីពិភាក្សាការងារនេះ ហើយទីបំផុតបានឯកភាពគ្នារកប្រាក់ខែអប្បបរិមាជូនកម្មករខ្វះតែ៤០សេន បាន១៨០ដុល្លារ ពោលគឺ 179,60 ដុល្លារ ក្នុង១ខែ ដែលនេះចាត់ទុកជាជោគជ័យមួយប្រសិន បើក្រុមនិយោជក ឬ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមានការឯកភាពទទួលយកបាន ខណៈដែលប្រាក់ ខែគោលសព្វថ្ងៃនេះកម្មករទទួលបានតែ១៤០ដុល្លារក្នុង១ខែនោះ ។
ការតស៊ូមតិរបស់តំណាងសហជីពពិតជាចង់ធ្វើឲ្យជីវភាពធូរធារបានមួយកម្រិតក៏ពិត មែន តែអ្វីដែលនាយជាលបារម្ភនោះ ខ្លាចរឿងនេះគ្រាន់តែជាផ្គរ ហើយមិនទាន់អីផងគេនាំគ្នា ចាក់ទឹកចោលលាងពាងរង់ចាំទឹកភ្លៀងមកដល់ទៅវិញ ។
មេរៀនអាក្រក់ពីបញ្ហានេះនាយជាលធ្លាប់ដឹង ធ្លាប់ឮ តាំងពីសម័យមុនមកម្ល៉េះដែលកាលណោះគ្រាន់តែឮថាមន្រី្តរាជការឡើងប្រាក់ខែភ្លាម អាតោហ៊ាលក់សាច់ជ្រូក និង អាមួយលក់ប៊ីចេងឡើងថ្លៃទំនិញចង់មួយជាពីរទៅហើយ ។ ចំណែកសម័យកាលនេះទៀត មានកម្មករច្រើនណាស់ដែលជួលផ្ទះ ឬបន្ទប់ស្នាក់នៅ ហើយពេលឮបែបនេះពិតជាម្ចាស់ផ្ទះជួលញញឹមខ្ជឹបធ្លាក់បបូរមាត់មិនខាន ព្រោះគាត់កំពុងសម្លឹងមើលប្រាក់ឈ្នួលផ្ទះ បន្ទប់ ឬទឹកភ្លើងឲ្យសមនឹងប្រាក់ខែកម្មករដែលឡើងអប្បបរិមា ៤០ ដុល្លារទៀតនោះដែរ ។
និយាយបែបនឹងតិចថានាយជាលចង់បំបះបំបោរឲ្យទំនិញ ឬ ប្រាក់ឈ្នួលផ្ទះ ទឹក ភ្លើងឡើងថ្លៃនោះទេ ការពិតគឺជាបំណងល្អរបស់ខ្ញុំ ចង់ឲ្យកម្មករទាំងអស់ចេះគិតពិចារណា កុំទាន់សប្បាយអរ ខ្លាចដូចពាក្យចាស់ទូន្មានថា ពេលឮផ្គរ កុំទាន់នាំគ្នាចាក់ទឹកលាងពាង ប្រយ័ត្នទឹកភ្លៀងក៏អស់ ទឹកបាតពាងក៏គ្មានបានអីដាំបាយស៊ី ? ៕ នាយជាល