ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី២នាក់ ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចោទប្រកាន់ករណីលួចលុយចំនួន១៥០ដុល្លារ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៥ និង០០នាទីរសៀល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ គឹម សូពិសាល ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១០ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ ឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២BEo ផ្លូវ២៣៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ចំណែកដើមបណ្តឹងឈ្មោះ ហ៊ឹម សារិ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់ កាកប ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីដើមបណ្តឹងខាងលើបានប្រាប់សមត្ថកិច្ចថា កាលពីរសៀលមុនកើតហេតុ ជនសង្ស័យទាំង២នាក់បាននាំគ្នាទៅលេងផ្ទះគាត់ (ស្ត្រីសង្ស័យ ជាអតិតបងថ្លៃរបស់ដើមបណ្តឹង) ពេលដែលជនសង្ស័យទៅលេង គឺគាត់ជាប់រវល់ បោកខោងអាវ មួយសន្ទុះក្រោយមកជនសង្ស័យបានចេញទៅវិញបាត់ ក្រោយពីគាត់បោកខោអាវហើយ បានចូលបន្ទប់គោលបំណងយកលុយក្នុងកាបូបអោយគេ ស្រាប់បាត់លុយអស់(សរុបចំនួន ១៥០ដុល្លារ និងលុយរៀល ជាង ៣ម៉ឺន) គាត់មានការស្ស័យទៅលើស្ត្រី ដែលជាអតិតបងថ្លៃ ហើយគាត់បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា អោយទៅនាំខ្លួនជនសង្ស័យទាំងពីរអ្នកមកធ្វើការសួរនាំ ។ ក្រោយពីសមត្ថកិច្ចឃាត់មកធ្វើការសាកសួរ ឃើញថាករណីខាងលើនេះ គឺកើតហេតុក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដូច្នេះនគរបាលប់ុស្តិ៍ទឹកថ្លា បានបញ្ជូន ជនស្ស័យទាំងពីរនាក់ទៅកាន់ប៉ុស្តិ៍កាកាបដើម្បីសាកសួរបន្ត ។
ប្រភពពីលោក សាន ប៉ែត នាយប៉ស្តិ៍នគរបាលរដ្ឋបាលកាកាបបានបញ្ជាក់ប្រាប់ថា ក្នុងករណីខាងលើនេះ ក្រោយ ពីបញ្ជូនប៉ុស្តិ៍កាកាបដើម្បីសាកសួរ ភាគីដើមបណ្តឹងបានសុំដកពាក្យបណ្តឹងវិញ ដោយយល់ឃើញថា ស្ត្រីសង្ស័យខាង លើធ្លាប់ជាបងថ្លៃរបស់ខ្លួន គ្រាន់តែសំណូមពរអោយសមត្ថកិច្ចជួយអប់រំប៉ុណ្ណោះ ។
បាត់លុយជាង១៥០ដុល្លារ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនបងថ្លៃ ចុងក្រោយសុំដកពាក្យបណ្តឹងវិញ៕ តុង សីហា