ភ្នំពេញ៖ អតីតFreshie Girl ចំណាត់ ថ្នាក់លេខ៣នៅឆ្នាំ២០០៧រាងខ្ពស់ស្រឡះសម្បុរខ្មៅស្រអែមអ្នកនាងប្រាសាទ ដាវីន បានបាត់មុនពីការងារសិល្បៈអស់រយៈពេលជិត៦ឆ្នាំ។ នាងបានបង្ហាញមុខធ្វើឲ្យភ្ញាក់ផ្អើលអស់អ្នកសិល្បៈជាមួយនឹងស្នាដៃ សម្តែង និងថតឈុតផ្សព្វផ្សាយមួយចំនួនកាលពីពេលថ្មីៗនេះ។
គេនៅចាំបានថាកាលពីអំឡុងឆ្នាំ ២០០៨ ប្រាសាទ ដាវី ធ្លាប់រងការគំរាម សម្លាប់ពីជនអនាមិករហូតនាងបានគេចចេញពីសិល្បៈនិងចាកចេញទៅរស់នៅ ប្រទេសអូស្រ្តាលី។ កាលពីបីឆ្នាំមុននេះដែរគេក៏បានឃើញវត្តមានជាលើកដំបូងគ្រា នាងបានស្កាត់មកលេងប្រទេសកំណើតក្រោយសម្ងំសុខនៅឯក្រៅប្រទេសរហូតមានប្តីនិងមានកូន។
ថ្មីៗនេះនាងបាបបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីសម្រាប់អ្នកគាំទ្រក្រោយពីតារា រួមជំនាន់ជាមួយនាងហ៊ិន ច័ន្ទនីរ័ត្នរូបនេះបានបង្ហាញមុខជាថ្មីជាមួយនឹងស្នាដៃសិល្បៈមួយចំនួន។ ការបង្ហាញមុខទាំងភ្ញាក់ផ្អើលនេះបានបង្ហាញថា សម្រស់តារាមានត្រេ មុខបែបបស្ចឹមប្រទេសរូបនេះហាក់មិនថមថយទៅតាមវ័យ និងក្រោយពេលលេចធ្លាយថានាងមានប្តីនិងកូនទៅហើយក្តី។
ប្រាសាទ ដាវីន បានចូលរួមថតឈុត ផ្សព្វផ្សាយសម្អាងការដ៏ល្បីមួយនៅរាជ ធានីភ្នំពេញ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺនាងបានចូលរួមថតMVរបស់បទចម្រៀងដ៏ល្បីមួយគឺបទ”ភ្លើង” ដែលជាបទចម្រៀងកំពុងពេញនិយមនិងច្រៀងដោយតារា ចម្រៀង អេដា។ ឈុតឆាកខ្លីៗនៃបទ ចម្រៀងនេះបានបង្កើតឲ្យអ្នកគាំទ្រនាង កន្លងមកមានការភ្ញាក់ផ្អើលហើយបានកោតសរសើរពីសមត្ថភាពនៃការសម្តែងរបស់នាងក្នុងបទចម្រៀងមួយនេះនៅតែរស់រវើកបើទោះបីជាបទចម្រៀងខាងមិនទាន់ចេញពេញលេញក្តី។ ទស្សនិកជននៅទន្ទឹងរងចាំស្នាដៃសម្តែងថ្មីនេះ ព្រោះតែមិនត្រឹមតែជាបទចម្រៀងដ៏ល្បីទេគឺថែមទាំអាចអញ្ជើញតារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីដែលបាត់មុខជិតមួយទសវត្សរ៍មកសម្តែងបានផងដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកនាងប្រាសាទ ដាវីនបាននៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកសិល្បៈបញ្ជាក់ថាតារាស្រីរូបនេះបានវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញហើយបន្ទាប់ពីនាងបានធ្វើ ដំណើរមកលេងសាច់ញាតិកាលពីថ្មីៗនេះ។ ប្រភពបញ្ជាក់ថា នាងមានពេលមិនដល់មួយខែទេដែលមកកម្សាន្តសួរសុខទុក្ខសាច់ញាតិ និងឆ្លៀតពេលថតផ្សព្វផ្សាយពាណិជ្ជកម្ម និងថតMVខាងលើ ហើយការវិលរកសិល្បៈរបស់នាងអាចបញ្ជាក់ថានាងនៅតែស្រលាញ់ចូលចិត្ត និងមិនបោះបង់ចោលការងារសិល្បៈទេបើទោះបីជានាងចេញទៅរស់នៅនិងមានក្រុមគ្រួសារនៅបរទេសក្តី។
គួរបញ្ជាក់ដែរថា ប្រាសាទ ដាវីន គឺជាតារាសម្តែងនិងតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយគួរឲ្យ កត់សម្គាល់បន្ទាប់ពីនាងទទួលបានជ័យលាភីលេខ៣ក្នុងការប្រឡងជ្រើសរើសស្រីស្អាតប្រចាំឆ្នាំ ២០០៧។ នាងបានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈពិសេសនាងមានលក្ខណៈលេចធ្លោខាងការថតផ្សាយពាណិជ្ជកម្មពីព្រោះរូបរាងរបស់នាង សិចស៊ី ហើយនាងមានកម្ពស់ខ្ពស់ស័ក្តិសមនឹងការផ្សាយ ពាណិជ្ជកម្ម។ ជាមួយគ្នានោះនាងក៏ត្រូវ បានអញ្ជើញចេញទៅសម្តែងនៅបារាំងជាលើកដំបូងក្នុងប្រវត្តិសិល្បៈដ៏ក្មេងខ្ចីក្រោយពីជាប់ជាស្រីស្អាតមិនទាន់បានមួយឆ្នាំស្រួលបួលផង។ ខណៈដែលនាងចេញទៅសម្តែងនៅប្រទេសបារាំងក្នុងឆ្នាំ ២០០៨នោះនៅផ្ទះនាងឯទីក្រុងភ្នំពេញមានការគំរាមបោះគ្រាប់បែកនិង លិខិតគំរាមដល់ជីវិត ប្រាសាទ ដាវីន បើសិននាងហ៊ានវិលត្រឡប់មកកាន់កម្ពុជាវិញទើបនាងត្រូវខកខានក្នុងការចូលស្រុកវិញប៉ុន្តែហេតុការនេះត្រូវបានគេសង្ស័យថាគឺជារឿងប្រឌិតហើយក្រោយមកនាងក៏ទទួលបានសិទ្ធិជ្រកកោនលើទឹកដីនៃប្រទេសអូស្តា្រលីក្រោមការធានាជាផ្លូវការពីគូដណ្តឹងរបស់នាងដែលជាបុរស អាណិកជនអូស្ត្រាលីនិងបានដឹកដៃគ្នា ចូលរោងការនៅឆ្នាំ២០១១ ៕ វឌ្ឍនា