ខេត្តកណ្ដាលៈ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីជិះម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយត្រូវរថយន្ដFUSO បុកអូសជាច្រើនម៉ែត្រនៅលើកំណាត់ផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ិន សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ជាអ្នកបើកបរម៉ូតូ រងរបួសខ្ទេចជើងខាងស្ដាំ) មានទីលំនៅភូមិពោម្រាល ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ មុំ ថៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជាអ្នករួមដំណើររងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ) ស្នាក់នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CT-4708 ។ ចំណែកឯរថយន្ដម៉ាកFUSO ពណ៌ខៀវ ជាប្រភេទបែនដឹកដី ពាក់ស្លាកលេខភ្នំពេញ 3A-3345 បើកបរដោយឈ្មោះ ឡេង សុភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអង្គរងៀង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច(ពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ) ដោយពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបន្ថែមល្បឿនព្យាយាមឡើងជែងរថយន្ដនៅខាងមុខ ខណៈជែងមិនទាន់ផុតស្រួលបួលផងអ្នកបើកបរម៉ូតូកាច់ចង្កូតចូល ក៏ត្រូវរថយន្ដបុកអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរងរបួសទាំង២នាក់យ៉ាងធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបររថយន្ដត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកជែងនៅក្នុងទីប្រជុំជនក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែកឯរថយន្ដបើកបរក្នុងល្បឿនលឿនគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកម៉ូតូពេញមួយទំហឹងតែម្ដង ៕ស្អាងជ័យ