អន្តរជាតិ៖ លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានជួបសន្ទនាជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវនៅទីក្រុងប៉េកាំង។
លោក Ding Xuexiang បានថ្លែងថា ក្នុងនាមជាសមមិត្តនិងបងប្អូនសង្គមនិយម ចិននិងឡាវ គួរតែអនុវត្តដោយមនសិការនូវមតិឯកភាពសំខាន់ៗ របស់មេដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរថ្នាក់ដឹកនាំខ្ពស់ និងបង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ គួររួមគ្នាគាំពារសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍។ គួរបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍ ជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ឡាវ ជំរុញការបង្កើនប្រសិទ្ធិភាពនៃផ្លូវដែកចិន-ឡាវ ពង្រីកកិច្ចសហប្រតិបត្តិការដូចជាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Thongsavanh Phomvihane បានចូលរួមអបអរសាទរចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនដែលបើកធ្វើដោយជោគជ័យ លោកថ្លែងថា ភាគីឡាវគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ស្នូល មានឆន្ទៈធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់លាក់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យការកសាងសហគមន៍រួមវាសនាឡាវ-ចិនឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ៕
ដោយ៖ តារា