អន្តរជាតិ ៖ ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីថៃ ពាក់ព័ន្ធការបញ្ជូនជនជាតិវីហ្គ័រ យ៉ាងហោចណាស់ ៤០នាក់ ត្រលប់ទៅចិនវិញ។ ទោះមិនបានបញ្ចេញឈ្មោះ មន្រ្តីថៃទាំងនោះ ត្រូវប្រឈមការរឹតត្បិតការផ្តល់ទិដ្ឋាការរបស់អាម៉េរិកផងដែរ។
ដោយឡែកសភាអឺរ៉ុប ក៏ថ្កោលទោស ថៃ ដែលបញ្ជូនជនភាគតិច អ៊ុយហ្គ័រ ទៅចិន និង ការប្រើច្បាប់ប្រមាថមហាក្សត្រ។
សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំរបស់ខ្លួន ក្នុង ទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍ សភាអ៊ឺរ៉ុបបានអនុម័តដំណោះស្រាយសិទ្ធិមនុស្ស ដោយ ថ្កោលទោសប្រទេសថៃ ចំពោះការនិរទេសជនភៀសខ្លួនអ៊ុយហ្គ័រចំនួន៤០ នាក់ទៅកាន់ប្រទេសចិន និងការបន្តប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រដែលឈានទៅកាន់ ការដាក់ទោសអ្នកនយោបាយលេចធ្លោរ ដោយសភាអឺរ៉ុប បានអះអាងថា«នាំឱ្យមានការរំលោភសិទ្ធិមនុស្ស»។
ការបោះឆ្នោតរបស់សមាជិកសភាអឺរ៉ុប លើ ដំណោះស្រាយប្រទេសថៃនេះ ដោយមាន សមាជិសភាចំនួន ៤៨២ បោះឆ្នោតគាំទ្រ ៥៧ បោះឆ្នោត ប្រឆាំងនិង ៦៨ សំឡេង បោះឆ្នោត អនុប្បវាទ។
ការបោះឆ្នោតរបស់សភាអឺរ៉ុបថ្កោលទោស ព្រះរាជាណាចក្រថៃ បានកើតឡើង ស្រដៀងគ្នា និងជំហររបស់សហរដ្ឋអាមេរិក ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសថៃ ចំពោះវិធានការចាប់បញ្ជូន ជនជាតិភាគតិច អ៊ុយហ្គ័រ ទៅឲ្យរដ្ឋាភិបាល ចិនវិញ ដែលអាមេរិកយល់ថា ពួកគេ នឹងរង ការធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលចិននិងការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
ក្នុងសេចក្តីប្រកាសរបស់ខ្លួនសភាអឺរ៉ុប មិនត្រឹមតែបរិហារការបញ្ជូនជនជាតិអ៊ុយហ្គ័រ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យរដ្ឋាភិបាលថៃបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើប្រជាជនថៃខ្លួនឯងទៀតផង ។
សេចក្តីប្រកាសនោះ បានសរសេរថា៖ «សភាថ្កោលទោសការនិរទេសជនភៀសខ្លួនអ៊ុយហ្គ័រ (Uyghur) ទៅកាន់ប្រទេសចិន និងជំរុញឱ្យប្រទេសថៃបញ្ឈប់ការវិលត្រឡប់ដោយបង្ខំបន្ថែមទៀតទៅកាន់ប្រទេសដែលជីវិតរបស់ប្រជាជនប្រឈមនឹងហានិភ័យ»។
លើសពីនេះ សមាជិកសភាអឺរ៉ុប ក៏បាន អំពាវនាវឱ្យគណៈកម្មការបង្កើនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញ ឱ្យ ប្រទេសថៃធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការនិរទេសជនភៀស ខ្លួនជនជាតិអ៊ុយហ្គ័រទាំងអស់ ព្រមទាំងផ្តល់ សច្ចាប័នដល់អនុសញ្ញាអង្គការពលកម្ម ពិភពលោក ( ILO) ។
សភាអឺរ៉ុប អំពាវនាវឱ្យរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចូលដំណើរការដោយគ្មានការរឹតត្បិតចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនអ៊ុយហ្គ័រដែលត្រូវបានឃុំឃាំងទាំងអស់ និងផ្តល់ព័ត៌មានប្រកបដោយតម្លាភាពអំពីស្ថានភាពរបស់ពួកគេ» ៕
ដោយ ៖ សិលា