ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារអាមេរិក ដែលនេះ គឺជាចំនួនគម្រោងវិនិយោគច្រើនបំផុតក្នុងមួយឆ្នាំមិនធ្លាប់មានពីមុនមកទេ។ នេះបើតាមការប្រកាសឱ្យដឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញនេះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ជឿជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នឹងអនុម័តគម្រោងវិនិយោគបានច្រើនជាងនៅក្នុងឆ្នាំ២០២៤ទៅទៀត។ 

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា តាមរយៈទិន្នន័យនេះ បានបង្ហាញថា ឆ្នាំ២០២៤ ជា ឆ្នាំដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងច្រើនជាងឆ្នាំណាទាំងអស់ ដែលតាំងពីមុនមក មិនមានឆ្នាំណា ដែលក្នុងមួយឆ្នាំបានជាង ៤០០គម្រោងនោះទេ ពោលគឺបានបំបែកឯកត្តកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើរួមគ្នា គឺដំណើរការល្អ។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ពីការចាប់អារម្មណ៍ក៏កើន ការសម្រេចមករកឱកាសវិនិយោគនៅកម្ពុជាក៏កើន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចនានាដែលបានរៀបចំឡើងទាំងក្នុង និងក្រៅប្រទេស សម្តេចបានត្រឹមថ្លែងសុន្ទរកថាប៉ុណ្ណោះ ប៉ុន្តែវិស័យឯកជននោះទេ ដែលជាអ្នកទាក់ទាញ ឬចាប់ដៃគូជាមួយអ្នក វិនិយោគបរទេស។ ទោះបីជាបានតិចឬច្រើន ប៉ុន្តែគឺជាចរន្តល្អមួយ ខណៈបច្ចុប្បន្ននេះ បណ្តាប្រទេសទាំងអស់នៅលើពិភពបាននិងកំពុងប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញវិនិយោគិន។

សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា « វិស័យឯកជនគឺជាដៃគូរសំខាន់ ពេលខ្លះវិនិយោគមួយចូលទៅក្នុងប្រទេសថ្មី គេតែងតែរកដៃគូក្នុងស្រុកដើម្បីធានានូវភាពជឿជាក់ ព្រោះគេអត់ដឹងថាយ៉ាងណាទេ ហេតុដូច្នេះហើយបានជាកន្លងទៅយើងមាន ការចុះ MOU ពេលដែលខ្ញុំទៅ ក្រោយពីវេទិកាហើយមានចុះ MOU រវាងក្រុមហ៊ុន និងក្រុមហ៊ុន ចាប់ដៃគ្នា ហើយបន្តការងារ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា នៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត ខណៈក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។

សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្ត និងបញ្ជូនក្រុមការងារទាំងក្រសួង និងវិស័យឯកជនផ្សេងៗ ទៅធ្វើសកម្មភាពទាក់ទាញវិនិយោគនៅក្រៅប្រទេស។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ខិតខំក្នុងសម្រួលគោលការណ៍ និងនិតិវិធីនានា ដូចជានិតិវិធីគយ ពន្ធដារ លក្ខខណ្ឌសម្រួលផ្សេងៗ និងកែសម្រួលនូវអ្វីដែលមានបញ្ហា ដើម្បីទាក់ទាញវិនិយោគបរទេសបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

ដោយ ៖ សិលា


ចែករំលែក៖