មនុស្ស២នាក់បានបាត់បង់ជីវិត ក្រោយហេតុការណ៍ផ្ទុះគ្រាប់បែកនៅខាងក្រៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីប្រជុំជនព្រំដែនថៃ -ម៉ាឡេស៊ី Tak Bai ភាគខាងត្បូងប្រទេសថៃ ក្នុងខេត្ត ណារ៉ាធីវាត់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។
មេបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង(ISOC)បានថ្លែងថា ឪពុកម្នាក់ រួមជាមួយកូនស្រីអាយុ៥ឆ្នាំបានស្លាប់ នៅពេលម៉ូតូដែលឪពុកចាប់ផ្តើមឌុបកូនស្រីនោះបានផ្ទុះឡើង ។ ម៉ូតូជនរងគ្រោះបានចតទុកនៅផ្លូវចូលទៅកាន់សាលារៀន ។ មនុស្ស៨នាក់ផ្សេងទៀតបានរងរបួស ។
លោក Yuthanam Petchmuang អ្នកនាំពាក្យ ISOC អះអាងថា «យើងសង្ស័យថា ការវាយប្រហាររបស់ក្រុមមនុស្សទាំងនេះ គឺមានចេតនាបង្កឲ្យមានអស្ថិរភាព និងបង្កភាពចលាចល» ។
ការវាយប្រហារនេះកើតឡើងមិនដល់រយៈពេលមួយខែផង ក្រោយការវាយប្រហារគ្រាប់បែកនៅតាមតំបន់ទេសចរណ៍ក្នុងប្រទេសថៃ ក្នុងនោះ មានការវាយប្រហារនៅតំបន់ Hua Hin, Phuket និង Surat Thani សម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ទៀតរងរបួស ។
ប៉ូលិសថៃបញ្ជាក់ថា ការវាយប្រហារនោះជាទង្វើរបស់ក្រុមឧទ្ទាមនៅភាគខាងត្បូង ហើយជនសង្ស័យត្រូវចាប់ខ្លួនកាលពីសប្តាហ៍មកផងដែរទាក់ទងការវាយប្រហារនេះ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwan កាលពីថ្ងៃអង្គារបានប្រាប់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលយោធា ដែលចូលកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០១៤ បាននិងកំពុងត្រៀមលក្ខណៈការពារសន្តិសុខនៅមុនបុណ្យរបស់ក្រុមមូស្លីម Eid al-Adha ថ្ងៃទី១២ ខែកញ្ញា ។
មនុស្សជាង៦៥០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាទាក់ទងជាមួយក្រុមភេរវកម្មនៅក្នុងខេត្តដែលមានជនមូស្លីមរស់នៅច្រើនជាងគេ គឺខេត្តយ៉ាឡា ណារ៉ាថីវាត់ និងប៉ាតានី ។
ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ខណៈដែលអំពើហិង្សានៅក្នុងខេត្តទាំង៣ភាគខាងត្បូងរបស់ថៃ រើបរើឡើងវិញនោះ វានឹងរាលដាលទៅកាន់ខេត្តផ្សេងទៀត ហើយអាចប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងប្រទេសនេះ ៕ ថាច់ យ៉ាត