ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥% ។ 

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ៖

របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់ បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រត្តនគិរី មណ្ឌលគិរី ក្រចេះ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំ ដងរែក។ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កែប កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖