ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ហ្វីលីពីន​៖​ បន្តជំរុញទំនាក់ទំនងនៃកងទ័ពជើងគោកទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការហ្វឹកហ្វឺន និងការធ្វើលំហាត់ទ្វេភាគី

ចែករំលែក៖

ប្រទេសហ្វីលីពីន៖​ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និង អគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូ ទៅទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ។ 

ក្នុងដំណើរទស្សនកិច្ចនេះ  នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ROY M.GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដោយមេបញ្ជាការទាំងពីរ បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ។ មេបញ្ជាការទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃកងទ័ពជើងគោកទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការហ្វឹកហ្វឺន និងការធ្វើលំហាត់ទ្វេភាគី។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានទៅទស្សនកិច្ចការងារនៅបណ្តាអង្គភាពសំខាន់ របស់កងទ័ពជើងគោកហ្វីលីពីន រួមមាន៖ វរសេនាតូចវិស្វកម្ម ៥២៥ កងពលធំរថក្រោះ – រថពាសដែក និង សាលានាយទាហាន កងទ័ពជើងគោកហ្វីលីពីន ដោយដំណើរទស្សនកិច្ចទាំងនេះបានផ្តល់ការយល់ដឹងអំពីកិច្ចការហ្វឹកហ្វឺន ការអភិវឌ្ឍន៍សមត្ថភាពទ័ព និងការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការរបស់កងទ័ពជើងគោកហ្វីលីពីន។

ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាពេលនេះ គឹបានឆ្លុះបញ្ចាំងពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ និយាយជារួម រវាងកងទ័ពជើងគោក ទាំងពីរនិយាយដោយឡែក ក្នុងគោលបំណងពង្រឹងទំនុកចិត្តទៅវិញទៅមក អន្តរប្រតិបត្តិការ និងចក្ខុវិស័យរួមសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ដោយ​៖ តារា​


ចែករំលែក៖