ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ការងារ​៖​ សេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងខណៈពេលស្ថានភាពអាកាសធាតុ បន្តមានការប្រែប្រួលក្នុងរដូវប្រាំងខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សូមណែនាំដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

១- ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។

២- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យ មានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។

៣- ផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។

៤- បាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវចាត់វិធានការផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

៥- ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ។

៦- បង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់ បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ តារា​


ចែករំលែក៖