ភ្នំពេញ ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកក្រុមការងារពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។
ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់នៅក្រោយពេលសាងសង់បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរ អង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធី ដែលត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ក្រោមអធិប តីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខា ធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលបានខិតខំបំពេញកិច្ចការងារថែទាំផ្លូវមួយខ្សែនេះដោយយកចិត្តទុកដាក់ ធ្វើឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ផងដែរ។
សូមបញ្ជាក់ជូនថា គម្រោងនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រក ព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕
ដោយ ៖ សិលា