ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តមក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សរុបចំនួនប្រមាណ ១០០នាក់។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើរបាយការណ៍ដើម្បីផ្តល់ជូនជាវឌ្ឍនភាពសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ផង និងដាក់ទិសដៅការសម្រាប់ការអនុវត្តបន្តផង។ រៀបរាប់ក្នុងរបាយ ការណ៍លោកអភិបាល នៃគណៈអភិបាលបានលើក ឡើងថា “តាមរយៈលទ្ធផលការងារដែលសម្រេចបាន ខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹង ប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមកាងារគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់បំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបន្តថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។

ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ស្ពឺ ដែលមាន លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជាប្រធាន បានរៀបចំសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការផ្សារភ្ជាប់ទំនាក់ទំនង ហើយឆ្លើយតបតាមសំណើ សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។

បន្ថែមលើរបាយការណ៍លោកអភិបាល នៃគណៈអភិបាល បានរាយការណ៍អំពីឧបទ្ទវហេតុក្រឡាប់រថយន្ត ដែលបានកើតឡើងនៅឧទ្យានគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញ ដោយបញ្ជាក់ថា ថ្នាក់ ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់អនុវត្តការងារតាមគោលដៅរៀងៗខ្លួន និងគោរពតាមបទបញ្ជា ដើម្បីសម្របសម្រួល សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានឆាប់រហ័ស និងទាន់ពេលវេលា មក កាន់មន្ទីរពេទ្យ៕

ដោយ៖សិលា


ចែករំលែក៖