ភ្នំពេញ ៖ ប្រធាន ព្រឹទ្ធសភា នាយប់ថ្ងៃទី១៧ ខែមីនា នេះ បានសរសេរសារនៅលើបណ្តាញសង្គម ដោយ វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលចេញមុខ ដឹកនាំពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលទទួល ថវិកាពីរដ្ឋាភិបាលអាម៉េរិក។
«នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា»។ សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន បាន រំលឹកថា កាលពីកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននាឆ្នាំ២០១៧ សម្តេចបាន លើកឡើង ចំពោះមុខលោកត្រាំថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក៕
ដោយ ៖ សិលា