ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ខ្សែជីវិតខ្ញុំក្រោមរបបកម្ពុជាប្រជាធិបតេយ្យ

ចែករំលែក៖

ពេលល្ងាចលោកបងគឹម ស៊ននិមន្តត្រឡប់ទៅវត្តវិញ។ ខ្ញុំសង្កេតឃើញពុកម៉ែរបស់ខ្ញុំមានទឹកមុខស្រពាប់ស្រពោនហាក់ដូចជាមានវិបត្តិអ្វីក្នុងចិត្តរបស់ពួកគាត់។ ក្រោយជ័យជម្នះនេះ ការរស់នៅរបស់ប្រជាជនមិនទាន់មានការប្រែប្រួលភ្លាមទេដោយសារអង្គការបញ្ឈប់ការចាយលុយ។តាំងពីឆ្នាំ ១៩៧៩ មក។ដូច្នេះការទិញដូរភាគច្រើនគេយកតម្លៃស្រូវធ្វើជាគោលទៅដូររបស់របរផ្សេងៗ ។

   ក្រោយជ័យជម្នះរបស់ខ្មែរក្រហមមក ប្រជាជនតាមទីប្រជុំជននានា។ត្រូវជម្លៀសទៅតាមទីជនបទ។ ពុករបស់ខ្ញុំមានប្អូនពីរគ្រួសារដែលរស់នៅក្រុងស្វាយរៀង គឺគ្រួសាររបស់មីងនាង និងពូខៃ។ ពួកគាត់ក៏ត្រូវខ្មែរក្រហមជម្លៀសដូចប្រជាជនដទៃនៅក្រុងស្វាយរៀងដែរ។ ជាង ២ សប្តាហ៍ហើយដែលពុកម៉ែរបស់ខ្ញុំទន្ទឹងរង់ចាំដំណឹងពីពួកគាត់ ហើយយើងមិនមានដំណឹងអ្វីទាល់តែសោះ។ មួយសប្តាហ៍ក្រោយថ្ងៃ ១៧ មេសាមក ប្រជាជនថ្មីបានមកដល់ភូមិរបស់ខ្ញុំជាបណ្ដើរៗ។ យើងទាំងអស់គ្នាបារម្ភពីគាត់ខ្លាំងណាស់។ នៅរសៀលថ្ងៃមួយដើមខែឧសភាឆ្នាំ ១៩៧៥ អ្នកភូមិម្នាក់បានជិះកង់មកប្រាប់យើងថា គាត់ឃើញមីនាងបណ្ដើរកង់មក។ យើងទាំងអស់គ្នាសប្បាយចិត្តណាស់។ ខ្ញុំនិងបងប្អូនរបស់ខ្ញុំរត់ប្រញាប់ប្រញាល់ទៅទទួលគាត់នៅពាក់កណ្ដាលផ្លូវ។ ខ្ញុំជម្រាបសួរពូមីងបងប្អូន និងជួយកាន់អីវ៉ាន់របស់ពួកគាត់។ មីងប្រាប់ថាប្អូនប្រុសរបស់គាត់ទៅនៅស្រុកខាងប្រពន្ធហើយ។ ដោយសារយើងរស់នៅតែពីរគ្រួសារជាបងប្អូនបង្កើត ដូច្នេះពុកម៉ែរបស់ខ្ញុំបានលួចកាប់ជ្រូកតូចៗធ្វើម្ហូបឲ្យបានមុនប្រធានភូមិចុះជ្រូកនោះក្នុងបញ្ជីពួកគេ។ ពុករបស់ខ្ញុំបានទៅពឹងប្រជាជនថ្មីម្នាក់ដែលស្និទ្ធស្នាលនឹងគ្នាឈ្មោះសារាយឲ្យមកជួយកាប់ជ្រូកហូប។ នៅពេលថ្ងៃជិតលិចគាត់វាយសម្លាប់កូនជ្រូកតូចបីក្បាលមិនឲ្យស្រែកឮឡើយ។ ពេលកាប់ជ្រូករួចរាល់ហើយ យើងបានបោសសម្អាតកាកសំណល់យកទៅកប់ក្នុងរណ្តៅដើម្បីកុំឲ្យគេសង្ស័យ។ ពុកម៉ែរបស់ខ្ញុំបានឲ្យសាច់ជ្រូកទៅពូសារាយ និងលៃលកទុកហូបថ្ងៃក្រោយខ្លះ។

 * ពីកងកុមារភូមិ ទៅកងចល័ត :

   នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានអង្គការចាត់ចូលក្នុងកងកុមារតាំងពីឆ្នាំ ១៩៧៥ មកម៉្លេះ ហើយអង្គកាឲ្យខ្ញុំឃ្វាលក្របីជាប្រចាំ។ យូរៗម្ដង ខ្ញុំក៏ត្រូវបានអង្គការចាត់តាំងឲ្យសែងលាមកមនុស្សដើម្បីធ្វើជីដែរ។ ការងារទាំងនោះនៅមិនទាន់ចាត់ទុកថាជាការងារធ្ងន់ធ្ងរនៅឡើយទេ។ ក្រៅពីការងារនេះកុមារត្រូវទទួលការអប់រំបំពាក់បំប៉នមនោគមន៍របស់បដិវត្តន៍នៅពេលរៀន ប្រជុំ និងការបំពាក់បំប៉នតាមរយៈសិល្បៈ។ ការប្រជុំធ្វើឡើងនៅម៉ោង ៦ល្ងាចប្រហែលជាកន្លះម៉ោង ដែលមានការចូលរួមពីផ្នែកវប្បធម៌ភូមិ។ អង្គការប្រជុំកុមារដើម្បីអប់រំសតិអារម្មណ៍កុមារឲ្យស្របតាមមាគ៌ាបដិវត្តន៍របស់អង្គការ។ បើគ្មានផ្នែកវប្បធម៌ភូមិចូលរួមក្នុងការប្រជុំនោះទេ វាធ្វើឡើងត្រឹមតែ ១០ នាទីតែប៉ុណ្ណោះព្រោះពួកកុមារយើងប្រញាប់រាំច្រៀងលេងកំសាន្ត។ ក្មេងៗក្នុងភូមិរបស់ខ្ញុំប្រហែល ២០ នាក់មានខ្ញុំមិត្តសឿន និងមិត្ត ចាន់រ៉ា ជាអ្នកចម្រៀងប្រុស ហើយមិត្តភឿនមិត្តសាមី មិត្តណន និងឃីម ជាអ្នកចម្រៀងស្រីហើយនិងក្មេងៗដទៃទៀតជាអ្នកវាយស្គរ អ្នកឡកឆៃយ៉ាំនិងអ្នករាំ។ យើងសប្បាយរីករាយយ៉ាងខ្លាំង ហើយយើងមិនសូវខ្វល់ខ្វាយពីមនោគមវិជ្ជាបដិវត្តន៍របស់ខ្មែរក្រហមប៉ុន្មានទេ បើទោះជាគ្រប់ទំនុកច្រៀងសុទ្ធតែជាបទបដិវត្តន៍ក៏ដោយ។ យើងភាគច្រើនច្រៀងរាំនៅពេលខែភ្លឺហើយយើងសប្បាយ និងរាំច្រៀងទៅតាមលំនាំបទភ្លេងពីសង្គម។

   ដើមខែមករា ១៩៧៧ ខ្ញុំមានអាយុ ១៧ ឆ្នាំ។ នៅពេលដែលខ្ញុំចេញពីកងកុមារចូលទៅកងចល័ត រសៀលថ្ងៃមួយមានគេមកប្រាប់ខ្ញុំថា ខ្ញុំមានឈ្មោះឋទៅកងកងចល័ត។ ខ្ញុំមិនមានការព្រួយបារម្ភប៉ុន្មានទេ។ព្រោះខ្ញុំដឹងថាការងារពេលនោះមិនសូវតឹងរឹង ឯបាយក៏សម្បូរដែរ។ គ្រាន់តែម្ហូបមិនសូវឆ្ងាញ់។ ខ្ញុំទៅដល់កន្លែងនោះពេលល្ងាច តែខ្ញុំខកចិត្តយ៉ាងខ្លាំង ព្រោះពេលចេញពីផ្ទះគេប្រាប់ថាឲ្យខ្ញុំថានៅកងបងម៉នដែលនៅភូមិជាមួយគ្នា តែពេលមកដល់បែរជានៅកងផ្សេងទៅវិញ។ ការងារដែលខ្ញុំធ្វើនៅកងចល័តនោះគឺជាការងារធម្មតាដែលអ្នករស់នៅជនបទបានធ្វើដូចជា ច្រូតស្រូវ លើកភ្លឺស្រែ និងជីកប្រឡាយដោយមិនមានអ្នកកំណត់ឬបង្ខំធ្វើធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាជីវិតរបស់ខ្ញុំបានធ្លាក់ក្នុងស្ថានភាពងងឹតដូចគ្នាព្រោះយើងបាត់បង់អស់ហើយ។នៅសិទ្ធិការដើរហើរ និយាយស្ដី  ការអប់រំត្រឹមត្រូវ ឬការទទួលបានការគាំពារសុខភាព។

   ការងារលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយក្នុងឃុំសំបូរ បានបញ្ចប់រួចរាល់នៅចុងខែឧសភាឆ្នាំ ១៩៧៧។ ក្រោយមកអង្គការលើកទិសដៅបញ្ជូនកងចល័តឃុំឲ្យទៅជាកងចល័តស្រុកវិញ។ ពេលកងចល័តថ្នាក់ឃុំ អង្គការតម្រូវឲ្យកងនីមួយៗមានមនុស្សមកពីគ្រប់ភូមិរស់នៅចម្រុះគ្នា តែផែនការនេះអនុវត្តបានតែយុវជន ឯយុវនារីប្រកែក ហើយទាមទាររស់នៅតាមភូមិ គឺប្រធានកងភូមិណា សមាជិកនៅភូមិនោះដែរ។ ពេលរៀបចំឲ្យទៅនៅកងចល័តស្រុកអង្គការចាត់ឱ្យសមាសភាពក្នុងកងមានមនុស្សមកពីគ្រប់ឃុំ។ ឈ្មោះប្រធានកងធំ និងប្រធានកងតូច។ត្រូវបានប្រកាសតាមឧគ្បោសនស័ព្ទ។ ខ្ញុំរង់ចាំស្ដាប់ ក្រែងឮឈ្មោះប្រធានកងទៅពីឃុំសំបួរតែខ្ញុំមិនឮសោះ។ ខ្ញុំនាំគ្នាដើរទៅចូលកងដែលយើងមិនស្គាល់ឈ្មោះប្រធានពីមុនមក ហើយប្រាប់ឈ្មោះយើងឱ្យប្រធានកងសរសេរចូលក្នុងបញ្ជី  ប៉ុន្តែខ្ញុំសំណាងល្អ ព្រោះខ្ញុំប៉ះចំប្រធានកងស្លូតបូត។

ការរៀបចំកងផ្នែកយុវជនបានរួចរាល់នូវម៉ោងប្រហែល១រសៀល ឯការរៀបចំកងយុវនារីមានការលំបាកច្រើន ដោយសារពួកនាងមិនចង់បែកពីអ្នកភូមិជាមួយគ្នាទេ។ ពេលអង្គការហៅឲ្យចូលជួរពួកនាងដើរយឺតៗដោយយកក្រមាបាំងមុខ ព្រោះនាងកំពុងយំ ឯអ្នកមិនទាន់ចូលជួរនាំគ្នាអង្គុយឈ្ងោកខ្លះយកក្រមាខ្ទប់មុខយំមើលទៅគួរឱ្យអាណិត។ យើងត្រូវទៅរស់នៅទីតាំងដាច់ដោយឡែកសម្រាប់កងចល័តនៅព្រៃតែរាមក្នុងឃុំក្រសាំង។ នៅពេលនោះយើងត្រូវបានចាត់តាំងឲ្យធ្វើការដកស្ទូង ច្រូតកាត់ និងកាប់ព្រៃជាដើម។ (នៅមានត។)


ចែករំលែក៖