ព័ត៌មានទាន់ហេតុការណ៍៖

អធិការខណ្ឌឫស្សីកែវ ចុះបង្ក្រាប ក្មេងទំនើង៦នាក់ រហ័សមានក្រុមឬស្សីកែវ (RSK) ក្រោយព្រួតវាយជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំនើង ដែលជាជនសង្ស័យចំនួន០៦នាក់ រហ័សមានក្រុមឬស្សីកែវ (RSK) ចំណែកបក្ខពួក២នាក់ កំពុងគេចខ្លួន ត្រូវបានសមត្ថកិច្ច ខណ្ឌប្ញស្សីកែវ ចុះបង្ក្រាប កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមនេះ បង្កហិង្សាធ្វើឲ្យខូចខាតដោយចេតនា ប្រើដាវកែច្នៃនឹងមួកសុវត្ថិភាពដេញវាយជនរងគ្រោះនឹងកាប់បំផ្លាញម៉ូតូចំនួន០២គ្រឿងខូចខាត។

ដោយទទួលបានបទបញ្ជាពីលោក​ ជិន​ ប៊ុនធឿន​ អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌដឹកនាំកម្លាំង ចុះបង្ក្រាបក្រុមក្មេងទំនើងនិងកំណត់មុខសញ្ញាជនសង្ស័យ។

ក្មេងទំនើងទាំង៦នាក់មាន ១. ឈ្មោះ ម៊ី សីហា អាយុ១៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ ២. ឈ្មោះ ថុន ប៊ុនផាត អាយុ១៧ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូន។ ៣. ឈ្មោះ បូរិន រ៉ុងនិត អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ ៤. ឈ្មោះ តេង ហ្សាក់ អាយុ១៥ឆ្នាំ ភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ ៥. ឈ្មោះ រ៉េន ចន អាយុ១៥ឆ្នាំ ភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ ៦. ឈ្មោះ ខុត ដល អាយុប្រហែល១៤ឆ្នាំ (គេចខ្លួន) នឹង០២នាក់មិនស្គាល់ឈ្មោះ (គេចខ្លួន)។

ជនរងគ្រោះឈ្មោះ គុណ មករា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយលេងនៅក្រោមផ្លូវឡើងបន្ទប់ជួល ស្រាប់តែមានក្រុមជនសង្ស័យរហ័សមានក្រុមឬស្សីកែវ(RSK) ចំនួន០៨នាក់ជិះម៉ូតូ៤គ្រឿង ធ្លាប់មានទំនាស់ជាមួយគ្នា បានយកដាវកែច្នៃ និងមួកសុវត្ថិភាព មកដេញវាយលើជនរងគ្រោះ និងកាប់បំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាតយ៉ាងដំណំ ត្រូវបានជនរងគ្រោះរត់គេចយករួចខ្លួន។ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។​

បន្ទាប់លោក អធិការដ្ឋានខណ្ឌឬស្សីកែវ​ បានឲ្យកម្លាំងជំនាញខណ្ឌធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុទាក់ទងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង និងបើកការស្រាវជ្រាវលើករណីនេះ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅក្នុងកោះពេជ្រ និងបន្តស្រាវជ្រាវសហការជាមួយអធិការនគរបាលស្រុកទ្រាំង ខេត្តតាកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់បន្ថែមទៀត យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។​

សម្ភារៈដកហូតរួមមាន ៖ ម៉ូតូចំនួន០៣គ្រឿង។ ខូចខាត ម៉ូតូ២គ្រឿង កាប់បែកស្តុបកុងទ័រនិងក្បាំងម៉ូតូ។ 

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបក្ខពួកសេសសល់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖