ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដែលបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយការខិតខំរបស់អាជ្ញាធរឃុំ កងកម្លាំង ប្រជាការពារ រួមនឹងប្រជាពលរដ្ឋ។ យ៉ាងណា ក៏ដោយបុរសជាប្ដី ហាក់ដូចជាមិនខ្វល់ខ្វាយប៉ុន្មានទេពីព្រោះភរិយារបស់គាត់ ធ្លាប់បាត់ខ្លួនយ៉ាងដូច្នេះនៅពេលកន្លងមកដែរ។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ទីតាំងដែលបានរកឃើញសពស្ត្រីរងគ្រោះ គឺនៅចំណុច ច្រកបាក់ដាវ ជើង ភ្នំនាងកង្រី ដែលមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីភ្នំសំរង ក្នុងឃុំពោធិ៍ស្រុកកំពង់លែង ដែលជាកន្លែងស្ត្រីរងគ្រោះបានបាត់ខ្លួននៅទីនោះ។ សពស្ត្រីរងគ្រោះ ត្រូវបានភ្លើងឆេះខ្លោច សល់តែគ្រោងឆ្អឹង ។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ឯក ឡូត អាយុ៤៣ឆ្នាំ មានប្តី និងមានកូន ៤នាក់ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។ ស្ត្រីខាងលើនេះបានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីបាត់ខ្លួន ប្រជាពលរដ្ឋនិងប្រជាការពារ ដឹកនាំដោយអាជ្ញាធរភូមិ-ឃុំ បានដាក់កម្លាំងរុករកជាច្រើនលើកច្រើនសារ ជាពិសេសរកនៅចំណុចភ្នំសំរង ដោយបានប្រើកម្លាំងមនុស្សរាប់សិបនាក់ ស្វែងរកស្ត្រីរងគ្រោះ ពុំបានប្រទះឃើញឡើយ ។
លោក ប៊ុត សប្បាយ មេឃុំពោធិ៍ នៃស្រុកកំពង់លែង បានបញ្ជាក់ថា សពស្ត្រីរងគ្រោះ ត្រូវបានរកឃើញនៅក្រោមដើមឈើ ដែលសពមានសភាពសល់តែគ្រោង ឆ្អឹង ដោយត្រូវភ្លើងឆេះបន្ថែម ដែលតាមការសន្និដ្ឋានស្ត្រីរងគ្រោះបានដេកស្លាប់ បន្ទាប់ពីហើមរលួយ ហើយទ្រោមទៅវិញ ហើយក៏ត្រូវភ្លើងឆេះព្រៃ ឆេះសពបន្ថែម ទើបនៅសល់តែគ្រោងឆ្អឹង ។
លោកមេឃុំបានបញ្ជាក់ថា នគរបាលស្រុកកំពង់លែង ក៏បានចុះពិនិត្យធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លាប់ ដោយខ្លួនឯង ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
លោកមេឃុំពោធិ៍ បានបញ្ជាក់ទៀតថា ដោយមិនអស់ ចិត្ត នឹងការបាត់ខ្លួនស្ត្រីខាងលើ ហើយរកមិនឃើញសោះនោះ ទើបនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោកបានដឹកនាំកម្លាំងប្រជាការពារ ប្រជាពលរដ្ឋ រុករកនៅចំណុចជើងភ្នំកង្រី ជាថ្មីម្ដងទៀត ទើបបានប្រទះឃើញសពស្ត្រីរងគ្រោះ តែម្ដង ។
លោក ហម ប៊ុនឈឿន អាយុ៤១ឆ្នាំ ជាប្តីស្ត្រីរងគ្រោះ បានប្រាប់អ្នកកាសែតថា កន្លងមកប្រពន្ធគាត់ធ្លាប់បាត់ខ្លួនជាច្រើនលើកណាស់មកហើយ ដោយសារតែមានបារមីគ្រូកាន់ ហើយពេលបាត់ខ្លួនម្ដងៗ មានរយៈ ពេល១ ឬ២ខែ ទើបឃើញត្រឡប់មកវិញ។ ប៉ុន្តែការបាត់លើកនេះ ទោះបីអាជ្ញាធរឃុំ និងភូមិ ប្រជាពលរដ្ឋ ជួយរុករកជាច្រើនលើកយ៉ាងណាក្តី នៅតែរកមិនឃើញ។ ការបាត់ខ្លួនរបស់ប្រពន្ធគាត់ ភាគច្រើន នៅថ្ងៃសីល ឬថ្ងៃពេញបូរមី ម្ល៉ោះហើយ គាត់តែងតែចាប់ប្រពន្ធគាត់ ដាក់ច្រវ៉ាក់ជើងរៀងរាល់ថ្ងៃសីល និងខែពេញបរមី ប៉ុន្តែការបាត់ខ្លួនរបស់ប្រពន្ធលើកចុងក្រោយនេះបានបាត់ជារៀងរហូត គ្មានថ្ងៃវិលត្រឡប់មកវិញឡើយ៕
ដោយ៖ សូរិយា