ខេត្តពោធិ៍សាត់ ៖ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុននិងអំឡុងបុណ្យចូលឆ្នាំខ្មែរ ស្ពានខ្ពស់ជាងគេនៅកម្ពុជាមានកម្ពស់ដល់៩០ម៉ែត្រ ស្ថិតក្នុងខេត្ដពោធិ៍សាត់ នឹងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ។
ស្ពាននេះស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន១៩៨គីឡូម៉ែត្រ ដែលផ្លូវនេះក៏ជិតសាងសង់រួចរាល់ទាំងស្រុងផងដែរ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់បាន៩៧ភាគរយហើយ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
អ្នកនាំពាក្យបន្ថែមថា ស្ពានដែលជាសមិទ្ធផលថ្មីនេះនឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុននិងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការអនុញ្ញាតឱ្យឆ្លងកាត់បណ្ដោះអាសន្ន គឺសម្រាប់តែម៉ូតូនិងរថយន្តគ្រួសារប៉ុណ្ណោះ ចាប់ផ្ដើមពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច ហើយមិនអនុញ្ញាតឱ្យឈប់យានយន្តលើស្ពានជាដាច់ខាតដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវបន្តបើកបរតាមផ្លូវវាងការដ្ឋានស្ពានដដែល។
លោក ផន រឹម បានគូសរំលេចឱ្យដឹងដែរថា ផុតរយៈពេល៧ថ្ងៃនៃកាលបរិច្ឆេទខាងលើ ស្ពាននឹងត្រូវបិទចរាចរណ៍ ដើម្បីបន្ដការងារនៅសេសសល់។ សម្រាប់កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា(Erection Marchine) រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាការងារចុងក្រោយ។
សូមជម្រាបថា ស្ពានលេខ២៨ដែលជាស្ពានដ៏ខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។
ស្ពាននេះគ្រោងចំណាយថវិកាសាងសង់ចំនួន២២.៩២លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ចំនួន២៨ខែ បានចាប់ផ្ដើមសាងសង់នាខែកុម្ភៈ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា