ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និង លោក Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាង ក្រុមហ៊ុនប៉ាណាសូនិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដោយមានការចូលរួមពីសំណាក់ លោក Kenji Kamada នាយកគ្រប់គ្រង Panasonic Appliances-Air-Conditioning Malaysia Sdn. Bhd. លោក Hisakazu Maeda អគ្គនាយកនៃសាខាក្រុមហ៊ុន ប៉ាណាសូនិកអេស៊ា ប៉ាស៊ីហ្វិក សាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កិច្ចសហការរវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុម ហ៊ុន Panasonicនាពេលនេះមានគោលបំណងដើម្បី បង្កើនចំណេះដឹង និងចំណេះជំនាញ បច្ចេកទេស ជូនដល់និស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ ក្រុមហ៊ុន Panasonic មិនត្រឹមតែផ្តល់ឧបករណ៍ម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការបណ្តុះបណ្តាល អាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេង ទៀត។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ថ្មីនេះ នឹងផ្តល់ការបណ្តុះបណ្តាលតាមរយៈការ អនុវត្តផ្ទាល់ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍជំនាញ ដើម្បីធានាបានថាសិស្សានុសិស្សអាចទទួលបានបទពិសោធអប់រំដ៏ទូលំទូលាយស្របតាមស្តង់ដា។
ក្នុងឱកាសនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជា បានសម្តែងសេចក្តីរីករាយ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជា ច្រើននាពេលអនាគត។ បន្ថែមលើនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរួមចំណែករបស់ពួកគេពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា និងចាប់ផ្តើមអាជីពជោគជ័យរបស់ខ្លួន ពួកគេក៏នឹងជួយជំរុញកិច្ចសហការកាន់តែស៊ីជម្រៅ ព្រមទាំងបន្តការអភិវឌ្ឍ និងភាពរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងបណ្តុះ បណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ដោយ តាមរយៈការផ្តល់នូវសម្ភារៈបរិក្ខារទំនើបៗនិងការបណ្តុះ បណ្តាលតាមស្តង់ដានេះ នឹងជួយបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងវិស័យឧស្សាហកម្ម។ បន្ថែមលើនេះ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៉ាណាសូនិក ដែលបានជួយគាំទ្រលើវិស័យអប់រំតាំងពីឆ្នាំ២០១៩ ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាដើម និងបានលើកទឹកចិត្តដល់ភាគីទាំងពីរឱ្យពង្រីកភាពជាដៃគូរបស់ខ្លួនបន្ថែមទៀតលើវិស័យសំខាន់ៗ ដូចជាការអភិវឌ្ឍបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។
តាមនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ និងបានលើកទឹកចិត្តដល់ក្មួយៗនិស្សិត ឱ្យចាប់យកឱកាសនេះ ដើម្បីសិក្សារៀនសូត្រពីអ្នកជំនាញឧស្សាហកម្ម និងទទួលបានបទពិសោធជាក់ ស្តែងដែលនឹងជួយឱ្យសិស្សនិស្សិតមានភាពលេចធ្លោក្នុងទីផ្សារការងារ។ កិច្ចសហការរវាងក្រុមហ៊ុន ប៉ាណាសូនិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នេះជាគំរូដ៏ល្អសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចជំរុញការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសជួយលើកកម្ពស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឱ្យក្លាយទៅជាវិទ្យាស្ថានឆ្នើមសម្រាប់ការសិក្សាផ្នែកវិស្វកម្មមេកានិកក្នុងប្រទេសកម្ពុជា និងបណ្តុះបណ្តាលយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក៕
ដោយ៖ សូរិយា