ខេត្តបន្ទាយមានជ័យ៖ ភូមិចំនួន៦ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក បន្តប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥។ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិរោគ ភូមិឈាង ភូមិស្ពាន ភូមិគោកចារ ភូមិកណ្តាល និងភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។
លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏សំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីធ្លីដែលស្ថិតក្នុងតំបន់ប្រកាសតំបន់វិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សូមចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមការងារចុះវាស់វែង ដោយត្រូវធ្វើការកំណត់នៅព្រំប្រទល់ដីរបស់បងប្អូន ឱ្យបានច្បាស់លាស់ បេីមានវិវាទ ណាមួយពាក់ព័ន្ធដីដែលមានព្រំជាប់គ្នា ត្រូវធ្វេីការសម្របសម្រួលដោះស្រាយឱ្យបានចប់សបគ្រប់ ដេីម្បីបង្កភាពងាយស្រួលដល់ក្រុមការងារចុះវាស់វែងជូន និងត្រៀមឯកសារចាំបាច់ពាក់ព័ន្ធទៅនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានរួចជាស្រេច។ ជាមួយគ្នានោះលោកក៏បាន ថ្លែងអំណររគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានរៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ដែលបានការដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិនិងការគ្រប់គ្រងដីធ្លីបានល្អនិងមានប្រសិទ្ធភាព។ ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល សម្តេចបានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកានិងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង បោះបង្គោលកំណត់ព្រំដីដើម្បីដោះស្រាយវិវាទដីធ្លីទាំងអស់នោះឱ្យបានចប់នៅមុនដាច់ឆ្នាំ២០២៧ខាងមុខនេះ៕
ដោយ៖ វណ្ណា