ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​៖​ ក្រសួងមុខងារសាធារណៈសម្រេចបានសមិទ្ធផលនាពេលកន្លងមក អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ នៅព្រឹកថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈយ៉ាងដូច្នេះថា៖​ ក្រសួងមុខងារសាធារណៈសម្រេចបានសមិទ្ធផលនាពេលកន្លងមក អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង គឺ៖ ទី១.កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ជា កោណ ដំណាក់កាលទី១ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី​ បន្ត​ថា​ កត្តាទី២ គឺកត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការ ច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាម ជំនាញ និងការកិច្ចរៀងៗខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ បានថ្លែង​ឱ្យ​ដឹង​ទៀត​ថា កត្តាទី៣. កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម សហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម-ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឈានទៅសម្រេច សមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា។ ការអនុវត្តវិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណា ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី​ បានឱ្យដឹងថា​ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ និងការងារកែ ទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមានតួនាទីជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្ត វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដើម្បី ដឹកនាំ សម្របសម្រួល ជំរុញ និងតាម ដានការអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ (១) ការដាក់ឱ្យអនុវត្ត ប្រព័ន្ធជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោក ហ៊ុន ម៉ានី បានឱ្យដឹងថា​ ក្រសួងមុខងារសាធារណៈ បានដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនិយាមនេះ ដើម្បីឱ្យការជ្រើសរើសមន្ត្រីប្រកបដោយ គុណា ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។

លោក ហ៊ុន ម៉ានី បានឱ្យដឹងថា​ ក្រសួងមុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួលរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ផ្អែកលើ គោលការណ៍ថ្មី និង ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងចំនួន ៨ក្រសួង សរុប ៤២ លើក នៃការប្រឡង និងមានបេក្ខជនដាក់ពាក្យចូលរួមការប្រឡងប្រមាណ១២ម៉ឺននាក់។

លោកឧបនាយករដ្ឋមន្ត្រី​ បានឱ្យដឹងថា​ ក្រសួងមុខងារសាធារណៈបានសហការជាមួយក្រសួង ស្ថាប័នរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យ ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានចំនួន ២០ ក្រសួង ស្ថាប័ន និងបន្តរៀបចំរហូត ដល់គ្រប់ក្រសួង ស្ថាប័នទាំង៣១។

បើយោងតាមរបាយការណ៍ក្រសួងមុខងារសាធារណៈ​ បានឱ្យដឹងថា​ បច្ចុប្បន្នមន្ត្រីរាជការស៊ីវិលរបស់កម្ពុជានៅទូទាំងប្រទេស មានចំនួនសរុប ២៣២,០៣៤ នាក់ (ស្ត្រី ៩៦,៩៦៩នាក់) ស្មើនឹង ១០០% ក្នុងនោះ ថ្នាក់ជាតិ ៥៤,៥៨៥នាក់ (ស្រី ១៦,៦៧៦នាក់) ស្មើនឹង ២៣.៥២% និងថ្នាក់ក្រោមជាតិ ១៧៧,៨៤៩នាក់ (ស្ត្រី ៨១,៣១២នាក់) ស្មើ និង ៧៦.៥៣%៕

ដោយ​៖ តារា​


ចែករំលែក៖