ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង ១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល​ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ ដែលជាសមិទ្ធផលដ៏អស្ចារ្យ ពិត ជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា តម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលនៅឆ្នាំ២០២៥នេះ រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

ដោយ​៖ តារា​


ចែករំលែក៖