បទឈប់បាញ់នៅហ្គាហ្សាបានដួលរលំ ហើយអុីស្រាអែល បង្កើនការវាយប្រហារជាថ្មីទៅលើតំបន់នេះ។ កាលពីថ្ងៃទី១៩ ខែមីនា កម្លាំងទាហានអុីស្រាអែលបានប្រកាសថា នឹងបើកការវាយប្រហារថ្មើរជើងជាថ្មីទៅលើគោលដៅនៅហ្គាហ្សា ក្រោយការវាយប្រហារតាមដែនអាកាស សម្លាប់មនុស្សរាប់រយនាក់ ។ សកម្មភាពខាងលើទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិចមួយចំនួន។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកបានជជែកជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ដោយអ្នកទាំងពីរបានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៉ីស្រាអែល។
លោក Macron និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញនូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយបន្ថែមថា លោកនិងព្រះអង្គម្ចាស់ bin Salman ក៏បានពិភាក្សាផងដែរ អំពីតម្រូវការដើម្បីធ្វើការរួមគ្នា លើបញ្ហាអនាគតរបស់តំបន់ហ្កាហ្សា។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សជាង ៤០០នាក់ស្លាប់ ហើយនៅថ្ងៃពុធ យោធាអ៉ីស្រាអែល ក៏បានបើកប្រតិបត្តិការវាយលុកជើងគោកសាជាថ្មីផងដែរ ចំពោះមុខភាពជាប់គាំងនៃបទឈប់បាញ់ដំណាក់កាលទីពីរ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters