ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជា Trump ចង់កាន់កាប់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន?

ចែករំលែក៖

ការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump ដែលថា សហរដ្ឋអាមេរិកអាចកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន ហាក់ដូចជាមានទំនាក់ទំនងទៅនឹងកិច្ចព្រមព្រៀងរ៉ែដែលប្រទេសទាំងពីរកំពុងជំរុញឱ្យចុះហត្ថលេខា។
យោងតាមសេតវិមាន នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី 19 ខែមីនាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតី Donald Trump បានផ្តល់យោបល់ថា ភាពជាម្ចាស់របស់សហរដ្ឋអាមេរិកចំពោះរោងចក្រថាមពលអ៊ុយក្រែនអាចជួយធានាសុវត្ថិភាពនៃរោងចក្រថាមពល។
លោក ហ្សេលេនស្គី បាននិយាយនៅក្រោយបញ្ចប់កិច្ចសន្ទនាជាមួយលោក ត្រាំថា ទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់រុស្ស៉ី មួយថ្ងៃបន្ទាប់ពីលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារដូចគ្នានេះដែរលើអ៊ុយក្រែន។ លោក ហ្សេលេនស្គីក៏បានឱ្យដឹងដែរថា រូបលោកបានពិភាក្សាពីផែនការចង់គ្រប់គ្រងលើ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនរបស់លោក ត្រាំផងដែរ។ «យើងបានពិភាក្សាគ្នាលើរោងចក្រថាមពលតែមួយប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីដោយចង់សំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយការបន្ថែមថាលោកមិនមានអារម្មណ៍ថារងសម្ពាធពីលោក ត្រាំ ឱ្យធ្វើសម្បទានដល់រុស្ស៉ី នោះទេ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងលោក ត្រាំ បានសន្យាថា នឹងជួយឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមពីអឺរ៉ុប និងជួយស្វែងរកកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថាត្រូវបានចាប់ពង្រត់ដោយរុស្ស៉ី។ តាមសេចក្ដីថ្លែងការណ៍នេះ ដដែល ការធ្វើជាម្ចាស់កម្មសិទ្ធិសហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រេន នឹងក្លាយជាការការពារដ៏ល្អប្រសើរបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលនេះ៕ ដោយ៖ ធីរីណា

រូបថត​៖ AFP


ចែករំលែក៖