ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា គោលដៅយុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យ មុខងារសាធារណៈគឺការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
-សម្ដេចធិបតី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ លើការប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ច ហើយទទួលបានវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ខ្លួន។ នៅក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៤ កន្លងមក ក្រសួងមុខងារសាធារណៈសម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន។
-សម្ដេចធិបតី ថ្លែងអំណរគុណ ដល់ឪពុកម្ដាយ អ្នកអាណាព្យាបាល ដែលបាន ជឿជាក់មកលើរាជរដ្ឋាភិបាល ជាពិសេសជឿជាក់មកលើការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។
-សម្ដេចធិបតី ថ្លែងកោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ នេះដែលបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ សម្ដេចលើកទឹកចិត្តដល់ស្ថាប័នផ្សេងទៀត ដូចជាការប្រឡងជ្រើសរើសកងទ័ពជាដើម បន្តអនុវត្តនូវវិធានការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌បែបនេះ។
-សម្ដេចធិបតី ថ្លែងថា ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលនៅក្នុងនោះ មុំ៣ ក្នុងចំណោមមុំទាំង៥ ដែលក្រសួងមុខងារសាធារណៈត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តដោយផ្ទាល់ គឺ (១) ការពង្រឹង និងការ កែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។
-សម្ដេចធិបតី ថ្លែងថា ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែ ទម្រង់រដ្ឋបាលសាធារណៈគឺ (១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា សម្ដេចធិបតី បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ហើយដែលមិនដែលបានមេដាយសោះ ដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។
-សម្ដេចធិបតី ថ្លែងថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដីទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យពិនិត្យមើល ដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ ត្រូវចងក្រងគ្នាជាចង្កោម ជាវិស័យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាជាងពង្រីកបន្ថែម។
-សម្ដេចធិបតី ថ្លែងថា សម្ដេចមិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ ខណៈមានក្រសួង-ស្ថាប័នមួយចំនួន បានស្នើសុំមកសម្ដេចចង់បង្កើតគ្រឹះស្ថានសិក្សាបន្ថែម នៅក្នុងក្រសួងរបស់ខ្លួន។
-សម្ដេចធិបតី ថ្លែងថា ការផ្ដល់មេដាយជូនមន្រ្ដីនេះត្រូវពិនិត្យមើលឱ្យច្បាស់ថា មន្រ្ដីដែលទទួលបានមេដាយនេះ គឺជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺត្រូវពិនិត្យឱ្យចំគោលដៅតែម្ដង លើការផ្ដល់ជូនមេដាយជូនដល់មន្រ្ដីនេះ។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី សហរដ្ឋអាមេរិកបានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ។ ប៉ុន្ដែកម្ពុជា មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នសេវានៅក្នុងរាជរដ្ឋាភិបាលមានជាង ៣ ពាន់សេវា ក្នុងនោះមានសេវាមួយចំនួនត្រូវកែសម្រួល ឬកាត់នីតិវិធីមួយចំនួនចោល ដើម្បីពន្លឿនការផ្ដល់សេវាល្អ និងលឿនដល់ប្រជាពលរដ្ឋ ជាពិសេសការវិវត្តទៅរកប្រព័ន្ធឌីជីថល។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនបង្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ឡើយ តែរដ្ឋនឹងរក្សា ពង្រឹងក្រសួងនេះ ឱ្យមានភាពរឹងមាំ ប្រកបដោយប្រសិទ្ធភាពដើម្បីជាប្រយោជន៍ជូនពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនបម្រួម មន្ត្រី ឬក្រសួងទេ តែកម្ពុជា ពង្រឹងមន្ត្រី ឬក្រសួង ជាជាងពង្រីក ពោលគឺរដ្ឋមិនឱ្យរើសមន្ត្រីបន្ថែម ក្រៅពីក្រសួងអប់រំ និងក្រសួងសុខាភិបាលឡើយ។
-សម្ដេចធិបតី ថ្លែងថា ឆាប់ៗនេះ សម្ដេចនឹងហៅរដ្ឋមន្ត្រីក្រសួងចំនួនពីរ មកជជែកពីបញ្ហាជាន់តួនាទីគ្នា ដើម្បីប្រគល់ការងារដែលធ្លាប់ជាន់នេះ ឱ្យទៅក្រសួងមួយអនុវត្តការងារផ្ដាច់មុខ។
-សម្ដេចធិបតី ថ្លែងផ្ដាំទៅអភិបាលខេត្តនានា ត្រូវក្ដាប់ឱ្យជាប់ទិន្នន័យមន្ត្រីរាជការក្នុងខេត្ត ដើម្បីជៀសវាងនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃ សួរទៅមិនដឹង។
-សម្ដេចធិបតី ថ្លែងសុំការយោគយល់ពីគ្រូបង្រៀន ដែលស្នើផ្ទេរទៅទីតាំងដែលជិតផ្ទះ ឱ្យបន្តការងារកន្លែងដើមសិន ពីព្រោះនៅតាមខេត្តកំពុងជួយបញ្ហាខ្វះគ្រូបង្រៀន ព្រោះកំណើនសិស្ស ខណៈរដ្ឋកំពុងដុតដៃជើងលើបញ្ហានេះ។
-សម្ដេចធិបតី ថ្លែងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូង នៃប្រសិទ្ធភាពរបស់រដ្ឋាភិបាល បើក្រសួងស្ថាប័ន រដ្ឋបាលសាធារណៈគ្មានប្រសិទ្ធភាព កុំនិយាយពីការផ្ដល់សេវាជូនពលរដ្ឋឱ្យសោះ កុំនិយាយពីការលើកកម្ពស់ភាពប្រកួតប្រជែង ភាពទាក់ទាញរបស់កម្ពុជាឱ្យសោះ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋបាលសាធារណៈ ប្រទេសធំៗខ្លះ រាប់ទាំងមហាអំណាចអាមេរិក ក៏ធ្វើកំណែទម្រង់ដែរ ដោយប្រើវិធីសាស្រ្តកាត់បន្ថយស្ថាប័ន ដើម្បីពង្រឹងការងាររដ្ឋបាល។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា សម្ដេចធិបតី បញ្ជាក់ថា គឺប្រើអភិក្រម «ពង្រឹង ជាជាងពង្រីក»។
-សម្ដេចធិបតី បានគូសបញ្ជាក់ថា៖ អភិក្រម«ពង្រឹង ជាជាងពង្រីក» គឺសំដៅទៅលើការត្រួតពិនិត្យរចនាសម្ព័ន្ធអង្គភាព ដោយកែសម្រួលយ៉ាងណាកុំឱ្យរីកប៉ោងធំ ហើយសម្រួចតួនាទីភារកិច្ច។ ភ្ជាប់នឹងអភិក្រម «ពង្រឹង ជាជាងពង្រីក» រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដាក់ចេញអភិក្រម«រៀបចំផ្ទះឱ្យរាប់រយ» គឺការរៀបចំ និងពិនិត្យពង្រាយមន្ត្រី និងកុំឱ្យជាន់តួនាទីភារកិច្ច ការងារក្រសួងស្ថាប័ន។
-សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ គឺមិនមែនជាការងារតែកម្ពុជាកំពុងតែធ្វើទេ តែក៏មានប្រទេសធំៗ រាប់ទាំងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើកំណែទម្រង់នេះផងដែរ គ្រាន់ប្រើអភិក្រមខុសៗគ្នា។
-សម្ដេចធិបតី ថ្លែងលើកឡើងពីកិច្ចការកំណែទម្រង់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកំពុងប្រើយុទ្ធសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដល់ពិភពលោក ពិសេសតាមរយៈយន្តការនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ទើបត្រូវបានបង្កើថ្មីដឹកនាំដោយមហាសេដ្ឋី លោក Elon Musk គឺជាង១ខែមកនេះ កាត់បន្ថយមន្ត្រីប្រមាណជាង២០ម៉ឺននាក់ ខណៈស្ថាប័នខ្លះកំពុងពិចារណាលុបចោលតែម្ដង។
-ក្រៅពីសហរដ្ឋអាមេរិក សម្ដេចធិបតី ក៏លើកឡើងពីការកែទម្រង់របស់អង់គ្លេស អាហ្សង់ទីន ប៉ាគីស្ថាន ដែលសុទ្ធតែបានប្រកាសកាត់បន្ថយអង្គភាព និងមន្ត្រីពាក់កណ្ដាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ខណៈប្រទេសក្នុងតំបន់អាស៊ានពីរ គឺម៉ាឡេស៊ី និងវៀតណាម ដែលនៅជាប់កម្ពុជា ក៏យកអភិក្រម «បង្រួម ដើម្បីពង្រឹង» ដោយកាត់ក្រសួងស្ថាប័នដែរ។
-សម្ដេចធិបតី គូសបញ្ជាក់ក្នុងន័យនេះថា កម្ពុជា មានលក្ខណៈខុសពីប្រទេសទាំងនោះ ពោលគឺកំណែទម្រង់កម្ពុជា ផ្អែកលើ អភិក្រម «ពង្រឹង ជាជាងពង្រីក» ជាពិសេសពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនអនុញ្ញាតឱ្យពង្រីក លើសពីអ្វីដែលមានឡើយ ធ្វើយ៉ាងណាធានាបាននូវតុល្យភាព។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនមានភាពចាំបាច់លុប កាត់បន្ថយ ឬបង្រួមក្រសួងស្ថាប័ននោះទេ ក៏ប៉ុន្តែទាមទារការពង្រឹងស្ថាប័ន តាមរយៈវិភាគមុខងារ និងកែសម្រួលឡើងវិញ៕
ដោយ៖ តារា