ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបន្តកែទម្រង់ស្ថាប័នសាធារណៈ ដែលបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខសន្តិភាពនិងការអភិវឌ្ឍ គឺជាមរតកដ៏ថ្លៃថ្លារបស់បុព្វបុរស ដែលចាំបាច់យើងត្រូវបន្តចូលរួមថែរក្សានិងការពារដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ខណៈដែលជាក់ស្ដែងឯកសារទាំងនេះមិនត្រូវការនោះទេ។ សម្តេច បានថ្លែងបន្តថា «ប្រសិនជាយើងនៅតែបែបនេះ យើងមិនអាចដើរលឿនទេ»។
ការណ៍នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា «រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធីរបៀបរបបការងារយើង មិនទំនើបកម្មឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ បើរចនាសម្ព័ន្ធណាត្រូវរក្សាដដែលៗចុះ តែកែសម្រួលនីតិវិធី ដើម្បីធ្វើអី? គឺពន្លឿន»។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា តួយ៉ាងដូចក្រសួងពាណិជ្ជកម្ម ដែលសម្តេចបានជ្រាបថាតម្លៃសេវាកន្លែងខ្លះមានការកើនឡើងជាងអាណត្តិមុនផង ដែលតម្រូវឱ្យពិនិត្យឡើងវិញឱ្យច្បាស់។
សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា៖ «យើងធ្វើកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងចុះ មិនឱ្យកើនទេ ត្រូវពិនិត្យមើលទាំងផ្លូវការ ទាំងក្រៅផ្លូវការ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ ត្រូវកាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយប្រើតាមឌីជីថលឱ្យបានច្រើន…»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កន្លែងខ្លះយើងដាក់បំពេញតាមអនឡាញតែម្ដង ហើយឥឡូវយើងដាក់ CamDX ឯកសារដាក់តែម្ដងស្កេន QR ចូល គឺក្រសួងស្ថាប័នទាំងអស់ចែកគ្នា ជាជាងគាត់រត់ទៅ១០កន្លែង»៕
ដោយ ៖ សិលា