ភ្នំពេញ ៖ កំពុងដំណើរការ ខណៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រមមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
ដោយទទួលបានការអនុញ្ញាត លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាត ក៏ដូចជាសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ និងសមិទ្ធផលនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានសម្រចកន្លងមក រួមទាំងទិសដៅការងារសម្រាប់ការអនុវត្តបន្ត ក្នុងឆ្នាំ២០២៥។
គួរម្លឹកផងដែរថា សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
តើមន្ទីរមុខងារសាធារណៈ ថ្នាក់ក្រោមជាតិ មានតួនាទីដូចម្តេចខ្លះ?
ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញអំពី «ការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលរបស់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត»។
ក្នុងនាមមន្ទីរមុខងារសាធារណៈ សេនាធិការរបស់ក្រសួងមុខងារសាធារណៈ និងជាសមាជិកក្រុមការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលរាជធានី ខេត្ត នូវតួនាទីភារកិច្ច និងសកម្មភាពរបស់មន្ទីរមុខងារសាធារណៈ ធំៗចំនួន២ រួមមាន៖
ចំណុចទី១.ការពង្រឹង និងការកែទម្រង់ស្ថាប័ន៖ ១).អនុវត្តគោលនយោបាយ ផែនការការងាររបស់ក្រសួងមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ, ២).លើកយោបល់រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងផែនការ ការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ, ៣).សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍក្នុងការអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយ ស្តីពីសេវាសាធារណៈ គោលនយោបាយ ស្តីពីធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ គោលនយោបាយ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យមុខងារសាធារណៈ, ៤).បានចូលរួមប្រជុំពិភាក្សាជាមួយក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃរដ្ឋបាលរាជធានីខេត្ត ក្នុងការបញ្ជូនរបាយ ការណ៍អំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងរបាយការណ៍អំពីការអនុវត្ត ប្រព័ន្ធលើកទឹកចិត្តមន្ត្រីនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ជូនអគ្គលេខាធិការដ្ឋាន កែទម្រង់រដ្ឋបាលសាធារណៈ, ៥).បានសម្របសម្រួលដល់បេក្ខជនក្នុងការដាក់ពាក្យប្រឡងប្រជែងដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ៦).បានចូលរួមក្នុងគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រូបង្រៀនជាប់កិច្ចសន្យា ៧).បានសម្របសម្រួលការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ, ៨).បានសម្របសម្រួលស្រង់ទិន្នន័យតម្រូវការមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងវិស័យសុខាភិបាល, ៩).បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់និងផ្តល់នីត្យានុកូលភាពលើដីការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការ គ្រប់គ្រងមន្ត្រីរាជការស៊ីវិល, ១០).បានចូលរួមជាសេនាធិការរបស់ ឯកឧត្តម/លោកជំទាវ អភិបាលខេត្ត ក្នុងការផ្តល់យោបល់ពាក់ព័ន្ធនឹងកិច្ចការបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។
និងចំណុចទី២.ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងបៀវត្ស៖ ពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការលើសំណុំឯកសារនានាពាក់ព័ន្ធនឹងការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់ មន្ត្រីរាជការស៊ីវិល ជូនតាមបណ្តាមន្ទីរអង្គភាពក្រុង ស្រុក ខណ្ឌ, ២).គ្រប់គ្រងបៀវត្ស ការបើកផ្តល់ប្រាក់បៀវត្សរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ អង្គភាពថ្នាក់ក្រោមជាតិ, ៣).ពិនិត្យ និងជំរុញការបង្វែរប្រាក់ដែលបានបើកលើសរបស់មន្ត្រីរាជការដើម្បីបង់សំណែសចំណាយចូលថវិការដ្ឋវិញឱ្យ បានទាន់ពេលវេលាកំណត់៕
ដោយ ៖ សិលា