ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើមានវិធានគន្លឺះអ្វីខ្លះ ក្នុងការធានា និងលើកកម្ពស់សុខុមាលភាពប្រជាជន?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខដុមរមនាដល់មូលដ្ឋាន គឺត្រូវមានវិធានគន្លឺះសំខាន់ៗ ចំនួន៥ រួមមាន៖ វិស័យអាទិភាព ៖ 

-ទី១. រដ្ឋបាលសាធារណៈ ។

-ទី២. វិស័យអប់រំយុវជន និងកីឡា ។

-ទី៣. វិស័យសុខាភិបាល ។

-ទី៤. ការរក្សាយន្តការពង្រឹងដោះស្រាយ ថែរក្សាសុខសុវត្ថិភាព ភូមិ/ឃុំ/សង្កាត់ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

-និងទី៥. ការអនុវត្តចូលរួមពង្រឹងប្រព័ន្ធយុត្តិធម៌ តាមរយៈការរៀបចំនូវប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា វិធានគន្លឺះ ទី៤ និងទី៥ គឺមានក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបន្ទុកដឹកនាំ ចំណែកវិធានគន្លឹះទី៥ គឺក្រសួងយុត្តិធម៌ជាអ្នកទទួលបន្ទុកកិច្ចការងារនេះ។ ប៉ុន្តែដោយឡែកវិធានគន្លឹះទី៣ ដំបូងគឺនាយករដ្ឋមន្ត្រីដឹកនាំដោយផ្ទាល់ តាមរយៈការបង្កើតគណៈកម្មាធិការជាតិ ព្រោះកំណែទម្រង់មុខងារសាធារណៈគឺជាការងារធំ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តឲ្យដឹងថា កំណែទម្រង់វិស័យអប់រំក៏ជាការងារធំ និងវិស័យសុខាភិបាលក៏ជាការងារធំ ប៉ុន្តែនៅក្នុងនោះគឺឱ្យអនុគណៈកម្មាធិការដែលបង្កើតនេះ ផ្តោតតែទៅលើកិច្ចការសំខាន់ៗ មួយចំនួនតែប៉ុណ្ណោះ ជាពិសេស គឺថ្នាក់មូលដ្ឋាន។ ជាក់ស្តែងការពង្រឹងមុខងារសាធារណៈ រដ្ឋបាលសាធារណៈមានច្រើន ប៉ុន្តែជ្រើសរើសតែ ៣ចំណុច ជាភារៈកិច្ចសំខាន់រួមមាន ៖

 ទី១ ការជ្រើសរើសមន្ត្រីថ្មី ។

ទី២ ការវិភាគមុខងារ ។

និងទី៣ ការរៀបជាប្រព័ន្ធលើកទឹកចិត្ត។ 

សម្តេចធិបតី មានប្រសាសន៍ទៀតថា ៖ គ្មានការកែទម្រង់ណាមួយងាយស្រួលនោះទេ ប៉ុន្តែដើម្បីទទួលបានជោគជ័យត្រូវការកត្តាបួនគឺ ៖ 

១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ 

២. ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ 

៣. ត្រូវការការចូលរួម 

៤. ការលះបង់ ៕

ដោយ ៖ សិលា


ចែករំលែក៖