សៀងហៃ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សមាគមឧកញ៉ាកម្ពុជា, និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Gong Zheng អភិបាលក្រុងសៀងហៃ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការនិយោគ រវាងប្រទេសទាំងពីរ។
មានមតិស្វាគមន៍ លោកអភិបាលក្រុង បានថ្លែងនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ទីក្រុងសៀងហៃនាឱកាសនេះ។ ទន្ទឹមនឹងនេះ លោក បានជម្រាបជូនគណៈប្រតិភូឱ្យបានជ្រាបអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងហិរញ្ញវត្ថុដ៏ធំប្រចាំប្រទេស, តំបន់, និងសកលលោក។ បន្ថែមពីនេះ លោកក៏បានថ្លែងនូវការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំកម្ពុជា-ចិនក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងរុញច្រានសកម្មភាពក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative – BRT) ឱ្យកាន់តែរីកលូតលាស់ជាលំដាប់។ លោកអភិបាលក្រុង ក៏បានបង្ហាញជំនឿចិត្តថា ដំណើរបេសកកម្មនាពេលនេះនឹងអាចទាក់ទាញបាននូវវិនិយោគិន និងធុរជន ពីទីក្រុងសៀងហៃឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏រាក់ទាក់ និងកក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងការមកបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកាន់ទីក្រុងសៀងហៃនាឱកាសនេះ ដែលជាគោលដៅទីពីរបន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កានៅទីក្រុងចឹងចូវ ខេត្តហ៊ឺណាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបែបផែនជីវិត (Lifestyle) យ៉ាងឆាប់រហ័សរបស់ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលបណ្តុំនូវទំនើបកម្ម, ភាពស៊ីវីល័យ, និងសហសម័យជំនាន់ថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសបានគូសរំលេចអំពីគម្រោងវិនិយោគមកពីប្រទេសចិនដែលឈរនៅលំដាប់លេខរៀងទី១ ដោយបានគ្របដណ្តប់ទុនវិនិយោគស្ទើរតែពាក់កណ្តាលនៃទុនវិនិយោគអន្តរជាតិសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤កន្លងទៅនេះ។
ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុង និងតំណាងសហគ្រាសប្រចាំទីក្រុងសៀងហៃ ពិនិត្យឱកាសក្នុងការមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ព្រមទាំងពិនិត្យលទ្ធភាពផ្តល់ម៉ោងហោះហើរសមរម្យជូនក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដើម្បីបង្កលក្ខណៈក្នុងការបង្កើតជើងហោះហើរថ្មីបន្ថែម សំដៅលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) និងការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) រវាងកម្ពុជានិងសៀងហៃផងដែរ៕
ដោយ៖តារា