ភ្នំពេញ៖ សិស្សស្រីចំនួន០៣នាក់ នៃសាលាព្រែកក្របៅ បានលង់ទឹកស្លាប់ ខណៈពេលដែលធ្វើដំណើរទៅលេងនៅក្បាលកោះដាច់និងហែលទឹកលេងនៅតាមឆ្នេរខ្សាច់ហើយធ្លាក់អន្លង់ជ្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចឆ្នេរខ្សាច់ទន្លេមេគង្គដែលស្ថិតនៅកំពង់ដរកោះដាច់.ពុកឬស្សីក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្មេងស្រីដែលលង់ទឹកស្លាប់នោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ១.ឈ្មោះ វិន ស្រីតា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យព្រែកក្របៅ,២.ឈ្មោះ ហាន លីនដា ភេទស្រីអាយុ១៣ ឆ្នាំជាសិស្សថា្នក់ទី៨,និង៣.ឈ្មោះ សុផា រតនា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស ។អ្នកទាំង៣នាក់មានទីលំនៅភូមិក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុគេឃើញក្មេងស្រីជាសិស្សសាលាចំនួន៧ នាក់បានជិះកង់ទៅលេងឆ្នេរខ្សាច់ក្បាលកោះដាច់និងបានអង្គុយញ៉ាំអីនិងផឹកទឹកត្នោតជូរ។ លុះក្រោយមកក្មេងស្រីចំនួន៥នាក់នោះក៏បានចុះលេងទឹកទន្លេមេគង្គហើយបានធ្លាក់អន្លង់ជ្រៅផុតជើងលង់ទឹកជាបន្តបន្ទាប់។ភ្លាមៗនោះក្មេងស្រី២នាក់ដែលនៅខាងលើក៏បានឃើញនិងស្រែកឲ្យទូកនេសាទចេញទៅជួយស្រង់សង្គ្រោះបាន២នាក់នៅសល់៣នាក់ក៏លិចបាត់។ ភ្លាមៗនោះដែលក៏បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិនិងអ្នកនេសាទនាំគ្នាជួយរាវរកសពឃើញទាំង៣នាក់ភ្លាមៗ ។
ក្រោយមក កម្លាំងនគរបាលមូលដ្ឋាន និងមន្ត្រីនគរបាលការរិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅត្រួតពិនិត្យសាកសពហើយបានធ្វើការសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំង៣ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណើត៕
ដោយ ៖ ភារ៉ា ដង្កោ