ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈមានកិត្តិយសដ៏ធំធេងដោយទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយសដ៏ធំធេងដោយទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រួមទាំងការទទួលបាននូវការណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់។

 លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ សន្និបាតរបស់ក្រសួងមុខងារសាធារណៈ នាពេលនេះគឺជាពេលវេលាមួយដែលយើងអបអរសាទរនូវសមិទ្ធផលដែលបានសម្រេចបានផង និងជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងពិនិត្យ និងវាយតម្លៃលើការងារកន្លងមក កំណត់បញ្ហាប្រឈម និង ពិភាក្សាស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ និងលើកទិសដៅការងារបន្តផង។ តាមរយៈការសហការរវាងក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ រួមទាំងដៃគូសហការទាំងអស់ដែលបានរួមចំណែកសម្រេចបានសមិទ្ធផលជាច្រើនជូនរាជរដ្ឋាភិបាល។

 

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បន្តថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ បាន និងកំពុងបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ហើយបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ពីអាណត្តិមុន។ ការងារដែលយើងបាន និងកំពុងធ្វើ និងបន្តអនុវត្តគឺត្រូវអនុលោមគោលការណ៍ អភិក្រម និងបទដ្ឋានគតិយុត្តជាធរមាន រួមជាមួយការរៀបចំយន្តការពិគ្រោះយោបល់ និងការសហការការងារជាមួយគ្នាជាប្រចាំ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ជាជាងការអនុវត្តការងារផ្អែកតាមទម្លាប់។ 

ពិតណាស់ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។ ក្នុងបរិបទនៃកត្តាជះពីខាងក្រៅ ទាំងស្ថានភាព និងភូមិសាស្ត្រនយោបាយ ព្រមទាំងទំនាក់ទំនងអន្តរជាតិ ដែលគ្មានភាពច្បាស់លាស់ និងដែលអាចជះឥទ្ធិពលមកលើកម្ពុជា ទាំងលើសេដ្ឋកិច្ច សង្គម និងនយោបាយ ធ្វើឱ្យយើងត្រូវតែគិតគូរពង្រឹងខ្លួនឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។  ផ្នែកមួយនៃភាពច្បាស់លាស់នោះគឺ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។  

 

សមិទ្ធផលដែលសម្រេចបាន ពិតជាមិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ទាំងក្នុងអាណត្តិទី៧ នេះ និងក្នុងអាណត្តិមុនៗ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំលើវិស័យមុខងារសាធារណៈកន្លងមក រួមមាន សម្តេចវិបុលបញ្ញា សុខ អាន ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និង ឯកឧត្តម ព្រុំ សុខា ដែលបានចូលរួមដឹកនាំ ស្តារ អភិវឌ្ឍ និងកំណែទម្រង់វិស័យមុខងារសាធារណៈ រហូតក្លាយជាថ្នាលដ៏រឹងមាំ ដែលអនុញ្ញាតឱ្យយើងខ្ញុំ អាចបន្តបេសកកម្ម ដូចបច្ចុប្បន្ននេះ។

 

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ ក្រសួង ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងវិស័យមុខងារសាធារណៈជូនរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល បានផ្តល់កិច្ចសហការកន្លងមក ក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងចូលរួម គាំទ្រ និងអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ ៖ សិលា


ចែករំលែក៖