ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើក្រុមក្មេងទំនើង ចំនួន ០៥ នាក់ មានរហស្សនាមថា យើងស្រឡាញ់គ្នា (YSK)

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់ខាងលើ និងបក្ខពួក ពីបទ លួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ប្រព្រឹត្តនៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅចំណុចផ្សារសំរោងយ៉ោង ផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩និងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៥ និង ៣០ នាទី មានក្រុមក្មេងទំនើង០១ក្រុម មានរហស្សនាម ថា យើងស្រឡាញ់គ្នា (YSK) មានគ្នាចំនួន ០៨ នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះម្នាក់ដែលកំពុងជិះ ម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្រុមក្មេងទំនើង ខាងលើបានធ្វើសកម្មភាពយកជើងធាក់ចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួលទៅលើថ្នល់ និងបានចុះពីលើម៉ូតូរត់ទៅ ដេញវាយលើជនរងគ្រោះបន្ថែមទៀត ត្រូវចំជាច្រើនដៃ ជើង និងមួកសុវត្ថិភាព ហើយជនរងគ្រោះបានរត់គេចខ្លួ ដោយបានធ្លាក់ពីលើផ្លូវក្រវ៉ាត់ក្រុងទី៣ តែមិនដឹងថារងរបួសកន្លែងណាខ្លះទេ ស្របពេលនោះដែរជនសង្ស័យម្នាក់ដែល ជាបក្ខពួកក្រុមក្មេងទំនើងខាងលើ ក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ ក្រោយពី ធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងខាងលើក៏បានយកម៉ូតូរបស់ជនរងគ្រោះនោះ ទៅលក់នៅផ្សារសំរោងយ៉ាង ផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ បានប្រាក់សរុបចំនួន ៦០០ ដុល្លារអាមេរិក។ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ជាបន្តបន្ទាប់ ១.ឈ្មោះ អ៊ុំ ច័ន្ទណារុន ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ហែម រតនា ហៅ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ យ៉ុន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ជេម ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ ឆន ច័ន្ទយ៉ូរ៉ាន់ ហៅ ម៉ារីអូ ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចបន្ទប់ជួលលេខ២៣១ ជាន់ទី៣ ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែក ឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ចៅក្រមស៊ើបសួរកំពុងបើកការស៊ើបសួរ ត្រូវសម្រេចដាក់ពន្ធនាគារ ឬ ឲ្យនៅក្រៅឃុំ តាមឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖