ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ និងបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ និងបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ 

ពិធីនេះត្រូវបានធ្វើឡើងក្រោយពីសម្ដេចទាំង២រូប បានទទួលនូវការសព្វព្រះហឫទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីមោទនភាពយ៉ាងខ្លាំង ក្រោយព្រះមហាក្សត្រ ព្រះអង្គបានប្រោសព្រះរាជទានផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ដែលពិតជាសាកសមនឹងទទួល ខណៈលោកទាំងពីរគឺបានជួយជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ 

សម្តេចតេជោបានមានប្រសាសន៍ទៀតថា នៅពេលដែលមានការបំពាក់ឋានន្តរសក្តិ

ជូនសម្ដេចទាំងពីរ ក៏មានការលើកឡើងថាហេតុអ្វីមិនបំពាក់ឲ្យសម្ដេចក្រឡាហោម ស ខេង ផង។ សម្ដេចតេជោបានបញ្ជាក់ថា មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិ ផ្កាយមាស ៥ ជូនសម្តេចក្រឡាហោម ស ខេង ដោយសារតែសម្ដេចក្រឡាហោម ស ខេង ជាមន្រ្តីស៊ីវិល។ សម្តេចតេជោ បានមានប្រសាន៍រំលឹកថា មានគណបក្សនយោបាយច្រើនណាស់ ដែលចង់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបែកបាក់សាមគ្គីគ្នា ប៉ុន្តែការព្យាយាមរបស់គណបក្សទាំងនោះត្រូវបានបែកបាក់ខ្លួនឯងវិញ។

សម្តេចបានលើកឡើងថា ការព្យាយាមរបស់ក្រុមទាំងនោះ គឺមិនអាចទៅរួចនោះទេ ខណៈគណបក្សប្រជាជនកម្ពុជាគឺ បានដើរត្រូវស៊ីសង្វាក់គ្នាណាស់។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការផ្ដល់ឋានន្តរសក្តិ ជូនថ្នាក់ដឹកនាំ៣ រូបមុនផងដែរ មានសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេចផ្ទាល់ គឺជាព្រះរាជទានមិនមែនជាការស្នើសុំទេ គឺនៅឆ្នាំ២០០៧ ដែលត្រូវបានប្រទានជាថ្មីម្តងទៀត ហើយផ្កាយមាសនេះ មិនបានផ្តល់ជូនសម្តេចក្រុមព្រះទេ ដោយសារបានបញ្ចុះសក្តិម្តងហើយ នៅត្រឹមតែផ្កាយ៤ប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានអត្តលេខយោធា ០០២ ចំណែកសម្តេចក្រុមព្រះ មានអត្តលេខ០០១។ សម្តេចបានមានប្រសាសន៍ថា សម្ដេចបានចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានន្តរសក្តិ ។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការផ្តល់ឋានន្តរសក្តិជូនសម្តេចពិជ័យសេនា ទៀ បាញ់  និងសម្តេច ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក។ 

សម្តេចតេជោបាន រំលឹកឡើងពីប្រវត្តិសាស្រ្តការតស៊ូ ជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១។ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យអ៊ុនតាក់គ្រប់គ្រងក្រសួងចំនួនប្រាំនៅកម្ពុជា ក្នុងនោះ មានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ការពារជាតិ និងក្រសួងយុត្តិធម៌។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលមានសភាពការណ៍កើតឡើង សម្ដេចហាក់ដូចជាមាននិស្ស័យពីអតីតជាតិ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់។ មានសម្ដេច ទៀ បាញ់ ម្នាក់ប្រៀបដូចជាមានទាហានមួយកងពល មានការងារលំបាកៗ តែងមាន សម្តេចទៀ បាញ់ នៅជាមួយសម្ដេចជានិច្ច។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា បើនិយាយពីនយោបាយ ឈ្នះ-ឈ្នះ បើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ

សម្ដេចមិនប្រាកដថា នឹងជោគជ័យ ឬអត់នោះទេ ដែលសម្តេចមានភាពនឹងនរ ក្នុងវិភាគសភាពការណ៍។ 

បន្ទាប់មក ក៏មានពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ព្រមទាំងពិធីជូនដាច់ផ្កាពីក្រសួងស្ថាប័នសំខាន់ៗផងដែរ មាន ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានីខេត្តជាច្រើនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖