ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ទួលគោក​៖​ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញា ដើម្បីចាត់ការតាមច្បាប់ គឺសមត្ថកិច្ចមិនទុកចោលសំណុំរឿងនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញយុវជនម្នាក់ ធ្វើការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ករណីចោរលួចម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោគ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៣​ និង០៥នាទី នៅចំណុចច្រកជណ្តើរឡើងផ្ទះលេខ៥ ផ្លូវលេខ១៣៤z ក្រុមទី២៤អា ភូមិទី៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

យ៉ាងណាក៏ដោយករណីនេះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោយកើតហេតុ យុវជនជាជនរងគ្រោះឈ្មោះ សារ៉ាត សារ៉ាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅកន្លែងកើតហេតុ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូដែលបានបាត់។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់ គឺសមត្ថកិច្ចមិនទុកចោលសំណុំរឿងនោះទេ។

កន្លងមកកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ យុវជនជាជនរងគ្រោះបានធ្វេសប្រហែសធ្លាប់ចតម៉ូតូទុកចោល ដោយមិនបានដកកូនសោរចេញពីម៉ូតូ ហេីយត្រូវបានកម្លាំងល្បាតនៅពេលយប់ឃេីញក៏បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ និងបានទំនាក់ទំនងយុវជនជាជនរងគ្រោះ ដើម្បីមកទទួលម៉ូតូវិញផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖