ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆបោកពីរនាក់​មកពីខេត្តផ្សេង មកឆ្មក់ធ្វើសកម្មភាពនៅខេត្តបាត់ដំបង​ ត្រូវជាប់​អន្ទាក់សមត្ថកិច្ចខណៈមានគ្រឿងកាឡៃធ្វេីជានុយ​យ៉ាងច្រើនកញ្ចប់នៅជាប់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០២៥នេះថា៖​ ជនសង្ស័យចំនួន​២នាក់​ ដែលជាមុខសញ្ញាឆបោកយ៉ាងសកម្មមកពីខេត្តផ្សេង បានមកឆ្មក់ធ្វើសកម្មភាពនៅខេត្តបាត់ដំបង​ មានអីក៏ត្រូវជាប់​អន្ទាក់សមត្ថកិច្ចខេត្តឃាត់ខ្លួនជាក់ស្ដែង​ ខណៈមានគ្រឿងកាឡៃធ្វេីជានុយ​យ៉ាងច្រើនកញ្ចប់នៅជាប់ខ្លួនផងដែរ។ 

សូមជម្រាបថា​ មានករណីឆបោកមួយបានកើត ឡើង ក្នុងទីប្រជុំជនផ្សារមួយកន្លែងក្នុងស្រុកសំឡូត ខេត្តបាត់​ដំបង កាលពីថ្ងៃទី២១ ខែមីនាម្សិលមិញនេះ​ ខណៈអាជីវករលក់មាស ប្តូរប្រាក់ឈ្មោះ លាម ណែត ភេទស្រី អាយុ២៦ ឆ្នាំនៅក្រុមទី ០៣ ភូមិស៊ុង​ ១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងមមាញឹក ក្នុងការប្រកបមុុខរបររកទទួលទានរបស់ខ្លួន ត្បិតមានអតិថិជនចូលមកទាំងព្រឹក នាំហេងៗ​ នាំលាភ នាំសំ​ណាងនោះ ក៏ស្រាប់តែមានស្រ្តីនិងបុរសវ័យកណ្តាល ០២នាក់​ ចូលមកបញ្ចាំចិញ្ចៀនមាសមួយវង់ ក្នុងតម្លៃ ៤០០,០០០រៀល(សែសិបម៉ឺនរៀល)ដោយ​សន្យាថា ត្រូវការប្រាក់ចំបាច់ បញ្ចាំតែបីថ្ងៃទេនឹងមក​លស់យក ចិញ្ចៀននេះទៅវិញ។

ដោយស្តាប់យល់នូវសំណូមពរនេះ ហើយស្រ្តីរូប​នោះហុចចិញ្ចៀនឱ្យមកដោយមានលិខិតបង្កាន់ដៃ ផង ក៏មានអារម្មណ៍ថា ចិញ្ចៀននេះជារបស់ពិត ដែល​មានប្រភពអ្នកលក់ច្បាស់លាស់​ ក៏យល់ព្រមទទួល​យក ហើយ ប្រគល់ប្រាក់ចំនួនខាងលើឱ្យទៅស្រ្តីនិង​បុរស​រូប​នោះ ។ ខណៈទទួលបានប្រាក់ភ្លាម អ្នកទាំងពីរ​ហាក់ប្រញ៉ាប់ ប្រញ៉ាល់ក្នុងការចាកចេញ ដែលបង្ហាញនូវឥរិយាគួរឱ្យសង័្សយ ហើយភ្លាមៗគាត់បាន​យកចិញ្ចៀននេះ មកពិនិត្យមើលឡើងវិញ ទើបដឹងថា ជាចិញ្ចៀនកាឡៃ មិនមែនចិញ្ចៀនមាសនោះទេ ហើយគាត់ក៏ផ្តល់ព័ត៌មានបន្ទាន់មកសមត្ថកិច្ចនគរ​បាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ មែន រីម ជាអធិការ នគរបាលស្រុក និងចេញអន្តរាគមន៍ភ្លាមៗ ស្ទាក់ចាប់ស្រ្តីនិងបុរសវ័យកណ្តាលទាំងពីរនាក់កំពុងជិះម៉ូតូ មួយគ្រឿងចាកចេញពីភូមិសាស្រ្តស្រុក។

ស្រ្តីនិងបុរសនោះគឺឈ្មោះ រ៉េន ម៉ៅ ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅ នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ នៅភូមិព្រះ​ធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានរកឃើញចិញ្ចៀន ជាគ្រឿងកាឡៃជាច្រើនស្ថិតនៅជាប់ខ្លួនរបស់គាត់ ហេីយក្នុងពេលសាក​សួរបឋម​រូបគាត់ បានឆ្លើយសារភាពថា មុខរបរគាត់គឺដើរធ្វើសកម្មភាព បន្លំ ឆបោក ដោយប្រើ​ប្រាស់​រូបភាពបែបនេះ នាពេលកន្លងមក ពិសេសតាមស្រុក ជនបទដាច់ស្រយ៉ាល ។ 

ក្រោយឃាត់ខ្លួន​លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងជំនាញចាត់បញ្ជូនជនសង្ស័យនិងវត្ថុតាង មកផែនជំនាញ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងមានចំណាត់ការតាម ផ្លូវច្បាប់​ រីឯប្រាក់ប្រគល់ជូនម្ចាស់វិញ ។

សូមជូនព័ត៌មានថា នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នាថ្ងៃខាងមុខ ក្រុមមុខសញ្ញាល្មើសតែងឆ្លៀតឱកាស ចល័តធ្វើស​កម្មភាពដូចគ្នា ឬស្រដៀងគ្នានេះ នៅតាមទីប្រជុំជន ទីផ្សារ ខ្លះដែលអាជីវករលក់ ដូរ ខ្វះការប្រុងប្រយ័ត្ន នោះគេនឹងធ្វើសកម្មភាពបន្លំ ឬឆបោកបានភ្លាមៗ ដូច្នេះ សូមបងប្អូន អាជីវករ លក់ដូរ​នៅតាមផ្សារមេត្តាប្រុងប្រយ័ត្ន និងសូមបន្តសហការណ៍ផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាល បានទាន់ពេលវេលា ដើម្បីអន្តរាគមន៍និងចាត់វិធានការជូន៕

ដោយ​៖ តារា​


ចែករំលែក៖