ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩៦នាក់ទៅទស្សនៈកិច្ចសារព័ត៌មានព្រលានយន្តហោះអន្តរជាតិតេជោ

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន​ បានដឹកនាំអ្នកសារព័ត៌មានជាង៩៦នាក់ មកពី៥៦ស្ថាប័ន ទៅទស្សនៈកិច្ចសារព័ត៌មានព្រលានយន្តហោះអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញពី មោទនៈភាព និងចូលរួមអបអរសាទរដែលប្រទេសកម្ពុជាអាចសាងសង់ អាកាសយានដ្ឋានដ៏ធំមួយ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ ជាពិសេសបានសាងសង់ដោយកូនខ្មែរ និងគ្រប់គ្រងដោយកូនខ្មែរផ្ទាល់។

សូមជម្រាបថា ព្រលានថ្មីនេះមានលម្ហធំទូលាយលើ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

ដោយ​៖ តារា​


ចែករំលែក៖