ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះថា៖ កម្លាំងជំនាញផ្នែកយុត្តិធម៍បានធ្វើការបង្ហាញមុខក្មេងទំនើង០២ក្រុម មានចំនួន ១០នាក់ រួមនឹងវត្ថុតាងជាក់ស្ដែង ជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ខណៈក្មេងទំនើង០២ក្រុមនេះ មួយក្រុមមកពីស្រុកកំពង់សិលា និងមួយក្រុមទៀតមកពីខាងយាយម៉ៅពេជ្រនិល។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ថ្មីៗនេះ នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច វេលាម៉ោង ២០និង ០០នាទី កម្លាំងសមត្ថកិច្ច ទទួលបានបណ្ដឹងពីពលរដ្ឋថា មានករណីក្រុមក្មេងធ្វេីសកម្មភាពវាយគ្នារត់ចូលផ្ទះលក់គោដុត បានធ្វើសកម្មភាពគប់ដុំថ្ម និងកាំបិត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
ក្រោយកេីតហេតុសមត្ថកិច្ចបានដំណេីរការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កបានម្នាក់ក្នុងចំណោមបក្ខពួក ៩នាក់ ៖ឈ្មោះ កាង ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករបេះស្វាយចន្ទី ដកហូតម៉ូតូសេ១២៥ ចំនួន០៣ គ្រឿង កាំបិតផ្គាក់ដងឈើ០១ដើម , ដំបងឬស្សី ០១ដើម ។
ប្រភពដដែលបន្តថា បន្ទាប់មកកម្លាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យផ្នែកព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ឃាត់បានជនសង្ស័យ០៣នាក់បន្ថែម ៖១.ឈ្មោះ យង់ សុជាតិ ភេទប្រុស ២០ឆ្នាំ កម្មករថែសួននៅមហាវិទ្យាល័យព្រះគម្ពីហាលែន ២.ឈ្មោះ ពៅ រ៉ាវីត ភេទប្រុស ១៧ឆ្នាំ កម្មករ សំណង់ ៣.ឈ្មោះ ឯម សម្បត្តិ ភេទប្រុស ១៧ឆ្នាំ បន្ដស្ទាក់ឃាត់បាននៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៦៥ ៣នាក់បន្ថែមទៀត ៖១.ឈ្មោះ ភន សុខចាន់ ភេទប្រុស អាយុ១៧ឆ្នាំ កម្មកររោងចក្រ ២.ឈ្មោះ ស្រុង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ កម្មកររោងចក្រ មានស្រុកកំណើតភូមិព្រៃគូ ឃុំព្រៃប្រសព្វ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ៣.ឈ្មោះ វឿន វៃ ហៅ ញ៉ុក អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា រួមនិងម៉ូតូចំនួន០១គ្រឿង រីឯបក្ខពួក០២នាក់ទៀតរត់គេចខ្លួន ។
ចំណែកភាគីក្រុមក្មេងទំនេីង ក្រុមទី២. មកដល់វេលាម៉ោង ២០និង០០នាទី កម្លាំងការិ.ព្រហ្មទណ្ឌ សហការឃាត់បាន ៣នាក់ មានឈ្មោះ ៖ ១.ឈ្មោះ លាង គឹមឡេង ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ ប្រាក់ ចាន់ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ៣.ឈ្មោះ ជន ចាន់រិទ្ធ អាយុ៣០ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
ជាក់ស្ដែងប្រតិបត្ដិការខាងលេី សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់មុខសញ្ញាសរុប ១០នាក់ រួមជាមួយវត្ថុតាង ម៉ូតួ ០៤គ្រឿង ,កាំបិតផ្គាក់០១ , ដំបងឬស្សី ០១ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីតាមច្បាប់៕
ដោយ៖ តារា