ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ដែលមានតម្លៃជាង ៣៧ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តតាកែវ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជានាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្ត តាកែវ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនៈភាពរបស់ខេត្ត មានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញមានវត្តសរុបចំនួន ១២វត្ត ព្រះសង្ឃ ១៨០អង្គ ភិក្ខុ៤៧ អង្គ សាមណេរ ១៣៣អង្គ អាចារ្យ ៣៩នាក់ គណៈកម្មការចំនួន ៨៩នាក់ យាយជី ៦នាក់ តាជី ២នាក់ ក្មេងស្នាក់ នៅវត្តចំនួន ២២នាក់ ។ លោកបានបន្តទៀតថា វត្តសំរោងពន្លៃមានអាយុកាលជាង ២០០ឆ្នាំ ហើយបានក្លាយជាវត្តដែលមានវ័យចំណាស់ជាងគេ ដែលកាល ពីមុនសម័យ ប៉ុល ពត គឺមានការគ្រប់គ្រងដោយព្រះចៅអធិការចំនួន ១១អង្គ ។ ប៉ុន្តែ ក្រោយថ្ងៃ រំដោះ ៧មករា មក គឺមានព្រះចៅអធិការ ៤អង្គជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០១១ គឺវត្តត្រូវបានការដឹកនាំ និងគ្រប់គ្រងដោយ ព្រះគ្រូវិមលភិរ័ក្ខញាណ សេក សុវណ្ណារិន្ទ ព្រះវិន័យធរអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្ត សំរោងពន្លៃនាពេលបច្ចុប្បន្ននេះ។    

លោកអភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ (១)ព្រះពុទ្ធរូបព្រះអង្គធំ មានបណ្ណាល័យជាបល្ល័ង្កស្ថិតនៅពីក្រោម និងសាវ័កទាំង១២ព្រះអង្គឈរជុំវិញ (២)កប្បិយកុដិ (៣) ចាក់សាបបេតុងបន្ថែម (៤) ជួសជុលព្រះវិហារជាថ្មី (៥) តដំបូលសាលាធម្មភា (៦)ធ្វើសួនច្បារ (៧) ខ្យុះថ្ម ប្រក់ក្បឿង (៨) សាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យសំរោងពន្លៃ (៩) អំពូលសូឡា ក្នុងវត្ត (១០) ជួសជុលកុដិ (១១) សួនរុក្ខជាតិ (១២) ទីស្នាក់ការទទួលបច្ច័យ(១៣)លាបថ្នាំកែលម្អរឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយថវិកាសាងសង់អស់ ជាង៣៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា សម្តេចពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។ យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។

សម្តេចថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្រប តាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានោះ សម្តេច សូមអរគុណចំពោះ មហាឧបាសិកា ចាន ឡុញ, លោកហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកស្រី សាយ សុផា,លោក ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង លោកស្រី យី សុភា, បណ្ឌិត ហ៊ាន វណ្ណហន  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ប៉ុល ស៊ាងហៃ, លោកស្រី ប៉ោ ណារ៉ូ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។

សម្តេចបាន សំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ បន្តពង្រឹងការអនុវត្ត គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល៕

ដោយ៖ សូរិយា


ចែករំលែក៖