ខេត្តសៀមរាប ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងពិធីទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅរមណីយដ្ឋានអង្គរ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំទីក្រុងភ្នំពេញ ដើម្បីគៀងគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផានិងដើម្បី មិត្តភាព និងសាមគ្គីភាព តាមរយៈ ស្មារតីកីឡា ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ ដែលកម្មវិធីនេះរៀបចំឡើងនៅមុខប្រាសាទអង្គវត្តនាថ្ងៃ ដោយមានប្រតិភូនិងអ្នកចូលរួមប្រមាណជា ៥០០នាក់។
លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មចាត់ទុកព្រឹត្តិការណ៍នេះថាជាអត្តសញ្ញាណមួយនៃបណ្តាប្រទេស សមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងដ៏សំខាន់ ដើម្បីជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណៈជនគ្រប់រូប។ លោក បន្តថា កម្មវិធីនេះមិនមែនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេងនៃភាពជាដៃ គូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាពតាមរយៈ ស្មារតីកីឡា ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់។ លោក បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្នុងគោលបំណងធានា សន្តិភាព និងស្ថិរភាពក្នុងអនុតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសមេគង្គ និងប្រទេសចិន ដែលមានវិស័យអាទិភាពសំខាន់ៗ ដូចជាការ តភ្ជាប់ សមត្ថភាពផលិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងការ កាត់បន្ថយភាពក្រីក្រ ដើម្បីកសាងសុខុមាលភាពប្រជាជន និងកសាងសហគមន៍នៃអនាគតរួម ប្រកបដោយសន្តិភាព និងវិបុលភាព។
លោកក៏បានបង្ហាញនូវភាពជឿជាក់ថាព្រឹត្តិការណ៍នាឆ្នាំនេះ នឹងធ្វើឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាងកាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តជាវេទិកាអនុតំបន់ពាក់ព័ន្ធមួយ ដើម្បីគាំទ្រពហុភាគីនិយម និងដោះស្រាយនូវតម្រូវ ការចាំបាច់របស់ប្រទេសសមាជិកមេគង្គ-ឡានឆាង តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងថ្នាក់ដឹកនាំគណៈប្រតិភូ ក៏បាននាំយកថវិកាពីការចូលរួមពីការរត់ចំនួន ៧.៦៨២ដុល្លារ ប្រគល់ជូនដល់នាយកមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាបផងដែរ៕
ដោយ ៖ សិលា