ខេត្តស្វាយរៀង ៖ ការបើកបរ មិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ឬអាចក្នុងស្ថានភាពស្រវឹង ឈានដល់បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយបុកគ្នា ជាមួយរថយន្ត របស់ក្រុមហ៊ុនដានដាន ដែលគេដឹងថា ជារថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម ឬពីវៀតណាមមកភ្នំពេញ ។
បុរសបាត់បង់ជីវិតម្នាក់នោះ ត្រូវបានសមត្ថកិច្ចអះអាងថា ជានាយករងគាំទ្រផ្នែកលក់មីក្រូហិរញ្ញវត្ថុអម្រឹត ។
បើតាមមន្រ្តីនគរបាលបានឱ្យដឹងថា ៖ កាលពីវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្នុងទិសដៅបញ្ច្រាសទិសគ្នា រវាងរថយន្តកាមរីហាយប្រ៊ីដ ពាក់ស្លាកលេខ ភ្នំពេញ 2BN- 8192 បុកគ្នាជាមួយរថយន្ត ក្រុងរបស់ក្រុមហ៊ុនដានដាន នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំ មុខរបរ នាយករងគាំទ្រផ្នែកលក់មីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ គាបស្លាប់ នៅក្នុងរថយន្ត យ៉ាងអាណោចអាធ័ម ។
ដោយឡែកអ្នកបើក រថយន្តក្រុងទេសចរណ៍ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បន្ទាប់មកប៉ូលិសក៏បានយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រង់ចាំដោះស្រាយពេលក្រោយ ។
សូមបញ្ជាក់ថា ៖ លើកំណាត់ផ្លូវជាតិលេខ១ ឡានមួយចំនួន ទោះសមត្ថកិច្ចបានការកំណត់ល្បឿន ក៏មានការបើកបរ ក្នុងល្បឿនលឿន ប្រជែង មិនប្រកាន់ស្តាំ ច្រើនបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ ពិសេសឡានក្រុង ឬឡានទេសចរណ៍ដឹកភ្ញៀវនេះ បើកលឿនៗ ករណីខ្លះអាចនឹងបង្កប់ទំនិញគេចពន្ធថែមទៀតផង ៕
ដោយ ៖ សិលា