ខេត្តព្រៃវែង៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលសម្រេចបានប្រមាណ ២០%។
លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១)ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣)សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។
នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យមើលការងារថែទាំប្រចាំលើប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងខេត្តព្រៃវែង។
សូមជម្រាបថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ រួមមាន៖ ទី១)ប្រឡាយមេ ៣ខ្សែ ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ និង ទី២)សំណង់សិល្បការ្យចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្រ្តវៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន៤គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១០៨៣០០ហិកតា។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម បានគូសបញ្ជាក់ថា តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ក្រុមការងារក្រសួងនិងមន្ទីរបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ តារា