ខេត្តក្រចេះ ៖ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ និងអន្តរជាតិ និងដៃគូ កំពុងមានវត្តមានក្នុងសិក្ខា សាលាដ៏មានសារៈសំខាន់នៅថ្ងៃទី២៤-២៥ នេះ នៅទីរួមខេត្តក្រចេះ ស្តីពីការគ្រប់គ្រងនិងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ ខណៈពេលដែលវឌ្ឍនភាពនៃកិច្ចអភិរក្សសត្វផ្សោតនាពេលនេះទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសការគំរាម កំហែងនៃការជាប់ម៉ងនេសាទខុសច្បាប់ ដែលបន្តបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។
តាមរយៈសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីវាយតម្លៃសមិទ្ធិផល ពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធសាស្រ្តអភិរក្ស។ ការពិភាក្សានេះក៏នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការជំរុញការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រ ការបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត។
លោក ស្រេង សុភា អភិបាលរងនៃរដ្ឋបាលខេត្តក្រចេះ បានសង្កត់ធ្ងន់ថា «យុទ្ធនាការហែលទឹកទន្លេមេគង្គបានកន្លងមកនេះ គឺបានរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះការផ្សព្វផ្សាយ និងការការពារសត្វផ្សោតទន្លេមេគង្គ។ សិក្ខាសាលាថ្ងៃនេះនឹងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្រ្តអភិរក្សបន្ថែមទៀតសម្រាប់ប្រភេទសត្វនេះ ដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតនៅរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ»៕
ដោយ៖ សូរិយា