ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ណែនាំដល់ប្រជាពលរដ្ឋពីវិធានការការពារការក្លែងបន្លំជាភ្នាក់ងារសេវាសាធារណៈ ឬគ្រឹះស្ថានឯកជន។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះថា៖ នៅក្នុងបរិបទឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថលបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ស្ទើរតែគ្រប់វិស័យ នានាដូចជា វិស័យសុខាភិបាល ឬសុខភាពសាធារណៈ វិស័យ ឯកជនធនាគារ គ្រឹះស្ថានអប់រំ។ល។ ជាមួយគ្នានេះក្រុមឧក្រិដ្ឋជន បច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងគោលបំណងទុច្ចរិតដូចជា លួចបន្លំ ឆបោកប្រាក់ លួចកាន់កាប់គណនី អនឡាញ បរិហាកេរ្តិ៍/សម្លុតឬយាយី ជម្រិតទារប្រាក់ជាដើម ។
ថ្មីៗនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សង្កេតឃើញមានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានលួចបន្លំប្រើប្រាស់ រូបភាព និង និមិត្តសញ្ញា (logo) ជាភ្នាក់ងារសេវាសុខភាពសាធារណៈ រួចលួងលោម និងអូសទាញ ប្រជាពលរដ្ឋឲ្យធ្វើការទូទាត់សេវាបង់ប្រាក់តាមរយះ QRCode ឬលេខគណនី របស់ ឧក្រិដ្ឋ ជន លើសេវា ថែទាំសុខភាពនៅតាម បណ្តាញសង្គម ។
ក្រុមការងារបច្ចេកទេសសូមក្រើនរំលឹក និងណែនាំប្រជាពលរដ្ឋជាថ្មីម្តងទៀត នូវវិធីសាស្រ្តការពារខ្លួនពីការឆបោកដូចខាងក្រោម៖
១. សូមត្រួតពិនិត្យឈ្មោះ និងលេខគណនីធនាគារភ្ញាក់ងារបម្រើសេវា មុននឹងធ្វើការទូទាត់ប្រាក់
២. សូមធ្វើការទាក់ទង តាមរយៈទូរសព្ទ័ដៃ (hotline) សួរបញ្ជាក់ជាមួយ ក្រុមការងារបច្ចេកទេសរបស់គ្រឹះស្ថានឯកជន ឬស្ថាប័នរដ្ឋនោះ ក្នុងករណីមានការសង្ស័យ
៣. សូមធ្វើការណែនាំក្រុមគ្រួសារ សាច់ញាតិឲ្យស្វែងយល់អំពីបទល្មើស បច្ចេកវិទ្យាផ្សេងៗដែលលោកអ្នកបានដឹង
៤. សូមទំនាក់ទំនងផ្តល់ដំណឹងមកកាន់មន្ត្រីជំនាញ សមត្ថិកិច្ច ក្នុងករណី លោកអ្នកចាញ់បោក ឬជួបប្រទះជនសង្ស័យជាក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា៕
ដោយ៖ តារា