ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នាយករងគាំទ្រផ្នែកលក់ មីក្រូហិរញ្ញវត្ថុ អម្រឹតស្លាប់ក្រោយបុក ជាមួយរថយន្តក្រុង របស់ក្រុមហ៊ុនដានដាន នៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ការបើកបរ មិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ឬអាចក្នុងស្ថានភាពស្រវឹង ឈានដល់បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយបុកគ្នា ជាមួយរថយន្ត របស់ក្រុមហ៊ុនដានដាន ដែលគេដឹងថា ជារថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម ឬពីវៀតណាមមកភ្នំពេញ ។ 

បុរសបាត់បង់ជីវិតម្នាក់នោះ ត្រូវបានសមត្ថកិច្ចអះអាងថា ជានាយករងគាំទ្រផ្នែកលក់មីក្រូ ហិរញ្ញវត្ថុអម្រឹត ។

បើតាមមន្រ្តីនគរបាលបានឱ្យដឹងថា ៖  កាលពីវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្នុងទិសដៅបញ្ច្រាសទិសគ្នា រវាងរថយន្តកាំមេរីហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ 2BN- 8192 បុកគ្នាជាមួយរថយន្ត ក្រុងរបស់ក្រុមហ៊ុនដានដាន នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលឱ្យជនរងគ្រោះ មានឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំ មុខរបរ នាយករងគាំទ្រផ្នែកលក់មីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ កៀបស្លាប់ នៅក្នុងរថយន្ត យ៉ាងអាណោចអាធម ។

ដោយឡែកអ្នកបើក រថយន្តក្រុងទេសចរណ៍ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បើតាមរបាយការណ៍សមត្ថកិច្ច ខាងនាយករងគាំទ្រផ្នែកលក់ មីក្រូហិរញ្ញវត្ថុ អម្រឹត រងគ្រោះដល់កៀបស្លាប់ក្នុងរថយន្ត គឺបើកបរមិនប្រកាន់ស្តាំ ។ 

បន្ទាប់មកនគរបាលក៏បានរថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រងចាំដោះស្រាយពេលក្រោយ ។ 

សូមបញ្ជាក់ថា ៖ លើកំណាត់ផ្លូវជាតិលេខ១ ឡានមួយចំនួន ទោះសមត្ថកិច្ចបានការកំណត់ល្បឿន ក៏មានការបើកបរ ក្នុងល្បឿនលឿន ប្រជែង មិនប្រកាន់ស្តាំ ច្រើនបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់  ពិសេសឡានក្រុង ឬឡានទេសចរណ៍ដឹកភ្ញៀវនេះ បើកលឿនៗ ករណីខ្លះអាចនឹងមានបង្កប់ទំនិញគេចពន្ធថែមទៀតផង ។ 

ពាក់ព័ន្ធក្នុងករណីនេះ ភាគីខាងរថយន្តក្រុង របស់ក្រុមហ៊ុនដានដាន អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ថាតើតៃកុងឡានជាជនជាតិខ្មែរ ឬជនជាតិវៀតណាម ដែលបានរត់គេចខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ! នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយទូរសព្ទចូលសុទ្ធតែអះអាងថា ជាបុគ្គលិកផ្នែកលក់សំបុត្ររថយន្ត និងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខាងមេរបស់ខ្លួនជាអ្នកដោះស្រាយ តាមផ្លូវច្បាប់។ ដោយឡែកត្រង់ថា យីហោរថយន្តក្រុង របស់ក្រុមហ៊ុនដានដាន ឃើញមានសរសេរភាសាវៀតណាម ! បុគ្គលិកបានបញ្ជាក់ថា ៖ ផ្លាយីហោសរសេរភាសាវៀតណាមខាងលើគឺដាក់តាំងនៅ ទីក្រុងហូជីមិញ ហើយផ្លាកអ្នកអក្សរខ្មែរខាងលើ គឺនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ 

លោកអធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់គឺ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ដែលត្រូវកសាងសំណុំរឿងទៅសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី ។ ដោយឡែកអ្នកបើកបរ ដែលរត់គេចខ្លួននោះ ដឹងហើយ គាត់ជាជនជាតិខ្មែរ មិនមែនជនជាតិវៀតណាមទេ ។ 

សូមជម្រាបថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ខាងគណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានចេញសាររំលែកទុក្ខ ដោយបញ្ជាក់ថា ៖ គណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សូមសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារ របស់លោក ចិក វិមល នាយករង គាំទ្រផ្នែកលក់( Deputy Head, Sales Support) ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍។

គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់សូមចូលរួមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោក ចិក វិមល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖