ព័ត៌មានទាន់ហេតុការណ៍៖

បច្ច័យជាង ៣០លានរៀល ដែលបានពី ពិធីបុណ្យផ្កាប្រាក់សាមគ្គី ត្រូវបាន ឯកឧត្តម ឈាង ឡាក់ និង លោកជំទាវ ប្រគេនដល់ព្រះចៅអធិការវត្ត សម្រាប់កសាងព្រះវិហារនៅវត្ត ជោតិញារាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកស្រី ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីមន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុងស្ទឹងត្រែង មន្ត្រីរាជការនៃរដ្ឋបាលក្រុងស្ទឹងត្រែង ក្រុមប្រឹក្សាសង្កាត់សាមគ្គី និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២៥ ម្សិលមុិញនេះ បានចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី នៅវត្តជោតិញារាម (ហៅវត្តគីឡូ៨) ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងនោះបច្ច័យបុណ្យដែលទទួលបាន និងប្រគេនដល់ព្រះចៅអធិការវត្ត សម្រាប់កសាងព្រះវិហារ សរុបចំនួន ៣៥,៧៣០,០០០៛(សាមសិបប្រាំលានប្រាំពីររយសាមសិបពាន់រៀលគត់) ។

មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា ៖ វិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ព្រមទាំង បានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។

ដោយក្នុងនោះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត បានគូលបញ្ជាក់អំពីការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើង ក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ត មរតកនយោបាយដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

ឆ្លៀតក្នុងឪកាសនោះដែរ លោក ឈាង ឡាក់បានសម្តែងនូវការកោតសរសើរ ព្រះចៅអធិការវត្ត ជោតិញារាម ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែល ខិតខំយកអស់ព្រះកាយពល បញ្ញាញាណ និងកម្លាំងកាយចិត្ត ធនធាន ចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តគួរជាទីកត់សម្គាល់ ៕

ដោយ ៖ សិលា


ចែករំលែក៖