ភ្នំពេញ៖ សារលិខិតអបអរសាទររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥»។
នៅក្នុងសារលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងឱកាសដ៏វិសេសវិសាលដើម្បីអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥» និងខួបលើកទី៩ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅបំផុតចំពោះប្រជាជននៃអនុតំបន់ មេគង្គ-ឡានឆាង។ សប្តាហ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីគោលដៅរួមរបស់យើង ឆ្ពោះទៅរកសន្តិភាព និងភាពរុងរឿងរួមគ្នានៅក្នុងអនុតំបន់។
ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកា ដ៏សំខាន់សម្រាប់ប្រជាជនទាំងប្រាំមួយគឺ កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការដែលផ្តោត លើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេច បាននូវលទ្ធផលជាក់ស្តែង។
គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺ តំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យយើងដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាស សម្រាប់ការរីកចម្រើន។
នាពេលដែលយើងជិតឈានដល់គម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ យើងអាចនិយាយដោយ មោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានរួមគ្នា។ សមិទ្ធផល ទាំងនោះ រួមមាន ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ការតភ្ជាប់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនយើងនៅក្នុងអនុតំបន់។
មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង គឺឯកសារគោលដែលជាមូលដ្ឋានសម្រាប់ដំណើររួមរបស់យើង។ គួរកត់សម្គាល់ថា ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួម។ ឯកសារគោលនេះបានបង្ហាញនូវទិសដៅច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន និងការច្នៃប្រឌិត ផែនការនេះនឹងធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ លើសពីនេះ ឯកសារគោលនេះ ផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងព្រំដែន ដែលធានាបាននូវអនាគតកាន់តែរីកចម្រើន និងសុខដុមរមនាសម្រាប់អនុតំបន់ មេគង្គ-ឡានឆាង
លើសពីនេះទៅទៀត មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការបន្តគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌ មេគង្គ-ឡានឆាង។
សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើងដើម្បីរក្សាបាននូវគោលការណ៍ នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ។ យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញ បន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍ មួយដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជនរបស់យើង៕
ដោយ៖ តារា