ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញពិសាអាហារ​ស្រាយ​បួសខែរ៉ាម៉ាឌន​ នាល្ងាចថ្ងៃទី២៤​ មីនានេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នឹងអញ្ជើញពិសាអាហារស្រាយបួសជាមួយ​បងប្អូន​ខ្មែរ-ឥស្លាម។​ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំ​ពិធី​អាហារ​ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានឱ្យដឹងថា ពិធីពិសាអាហារស្រាយបួសនេះ ក៏មានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការ ចំនួន ៦ ២០០នាក់, គណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំា​ម៉ា​ស្ជិទ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ និស្សិត ដែលបានអញ្ជើញមកចូល​រួមពី​បណ្តារាជធានី ខេត្តទូទាំងប្រទេស ២,៨០០នាក់ និងយុវជន និស្សិតមកពី ១៨សាកលវិទ្យាល័យ ថ្នាក់ដឹកនាំសាសនានិងមហាជនចំនួន ២,៥៥០នាក់ ព្រមទាំងប្រិយមិត្តបរទេសក្នុង និងក្រៅប្រទេសចំនួនជាង ២៥០នាក់ ដែលមានចម្រុះ ៣១ជាតិសាសន៍។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យ​មាន​កម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជា​កម្ម​វិធី​មួយពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ (២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែល​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី​។

ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ហើយមាននៅបណ្តា​ប្រទេស​ខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ មូហាំម៉ាត់​សករាជ សាសនិកឥស្លាមកម្ពុជា សាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារមួយខែ ពីព្រលឹមរហូតដល់ថ្ងៃលិចប្រមាណជាង ១៤​ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុង​ចំណោម​កាតព្វកិច្ចទាំង៥របស់សាសនាឥស្លាម។

សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិកម្ពុជា ជាមេដឹកនាំមួយរូបដែលមាន​ទស្សនៈវិជ្ជាដឹកនាំប្រកបដោយបេះដូងទូលំទូលាយ និងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋ​គ្រប់រូប ដោយមិនមានការប្រកាន់និន្នាការពូជសាសន៍ ពណ៌សម្បុរ ឬសាសនានោះឡើយ។ ទស្សនៈដឹក​នាំដោយមិនមានការរើសអើងនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារួមរស់ជាមួយគ្នាប្រកបដោយក្តីសុខដុម ទោះបីមានជំនឿសាសនាផ្សេងគ្នាយ៉ាងណាក្តី។

សម្តេចតេជោ បើទោះបីជាមេដឹកនាំជាតិកាន់ព្រះពុទ្ធសាសនា ប៉ុន្តែសម្តេចបានរៀបចំ និងអញ្ជើញចូល​រួមពិសារអាហារស្រាយបួសជាមួយខ្មែរឥស្លាម ដោយចាប់ផ្តើមនៅឆ្នាំ២០១៤។ រហូតមកដល់ឆ្នាំ​២០២៥​ ពិធីនេះរៀបចំឡើងចំនួន៩លើកហើយ ខណៈឆ្នាំ២០២០ ២០២១ និង២០២២ ត្រូវបានខកខានដោយ​សារជំងឺកូវីដ១៩។ ពិធីស្រាយបួសថ្នាក់ជាតិនៅកម្ពុជា ក៏ត្រូវបានចាត់ទុកថា ជាការរៀបចំដែលមាន​ទ្រង់​ទ្រាយ​ធំជាងគេ ក្នុងចំណោមពិធីស្រាយបួសដែលរៀបចំដោយរដ្ឋាភិបាលនៅតាមបណ្តាប្រទេស​នានា​លើ​សាកលលោក។

បើទោះបីរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី តែ​នយោបាយបង្រួបបង្រួមសាសនានៅតែជាគោលនយោបាយដ៏ចាំបាច់សម្រាប់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី បន្តអនុវត្តន៍តាមអគ្គមគ្គុទេសក៍ដឹកនាំរបស់សម្តេចតេជោ ហើយបន្តអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម។

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសារអាហារស្រាយបួស ជាការស្តែងឱ្យឃើញយ៉ាង​ច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចលើសហគមន៍ខ្មែរឥស្លាម ហើយមិនមាននយោបាយប្រកាន់ ឬរើសអើងការប្រតិបត្តិសាសនិកណាមួយនៅកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា ខែរ៉ាម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៉ីស្លាមបួស ឬ ជាខែបួស ឬ ក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬ ផឹកនៅពេលថ្ងៃរយៈពេលមួយខែ។ រ៉ាម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិ នៃសាសនាអ៉ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះ គឺមាន ១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ាម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ៕

ដោយ​៖ តារា​


ចែករំលែក៖