ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០២នាក់​ បន្ទាប់ពីលួចម៉ូតូគេយកទៅលក់បានលុយទិញថ្នាំញៀនជក់

ចែករំលែក៖

ភ្នំពេញ​ ៖​ សមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ នាថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ​២០២៥​ បានធ្វេីការបង្ហាញមុខជនសង្ស័យ០២នាក់ជាសាធារណៈមុនបញ្ជូនទៅតុលាការ​ ដេីម្បីផ្ដន្ទាទោស​ ពាក់ព័ន្ធ​ករណី លួច(ម៉ូតូ) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០៥នាទីព្រឹក (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

  សមត្ថកិច្ចបានឲ្យដឹងថា-ជនរងគ្រោះឈ្មោះ បៀន សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ចំណែកជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនខាងលើមានឈ្មោះ  

១/ឈ្មោះ ឈួន ធារី ហៅ ចក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមុខក្លឹបមីតណាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) ។

២/ឈ្មោះ លី សុខផល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់៣ដុល្លារ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) ។  

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌លឿង ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LK-9347 មានលេខតួ373362 និងលេខម៉ាស៊ីន52373612 ។

    យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ បៀន សីហា ភេទប្រុស អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌លឿង ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LK-9347 ចេញពីធ្វើការជាកម្មករនៅសិប្បកម្មធ្វើទ្វាររមូរយីហោ គីម ហួត ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកបន្ទប់ជួលដែលនៅក្បែរកន្លែងធ្វើការចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិសំបួរខាងលើដែរ ។ ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដី ក្រោមជណ្តើរ ដោយមិនបានចាក់សោ.កម៉ូតូឡើយ ហើយជនរងគ្រោះក៏បានឡើងទៅសម្រាកនៅបន្ទប់ជួលជាន់ទី២ដូចសព្វដង ។ លុះដល់វេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ជនរងគ្រោះបានក្រោកពីដេកចុះមកយកម៉ូតូ ដើម្បីជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ រួចជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរបន្ទប់ជួលបានឃើញជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ ឈួន ធារី ហៅ ចក់ ភេទប្រុស អាយុ២៣ឆ្នាំ ២/ឈ្មោះ លី សុខផល ភេទប្រុស អាយុ១៩ឆ្នាំ ដែលជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជួលរបស់ជនរងគ្រោះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង០៥និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ លុះដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទីព្រឹក ជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួន ធារី ហៅ ចក់ ត្រង់ចំណុចមុខក្លឹប មីតណាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យ) និងបក្ខពួកឈ្មោះ លី សុខផល ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយឱ្យបក្ខពួកឈ្មោះ កា ភេទប្រុស នាំយកទៅលក់ឱ្យជនសង្ស័យឈ្មោះ យួន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ២៥០ដុល្លារ (ពីររយហាសិបដុល្លារអាមេរិក) យកលុយចែកគ្នាចាយវាយ និងទិញថ្នាំញៀនជក់អស់ប្រាកដមែន ។   

លុះដល់វេលាម៉ោង២២និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី សុខផល ត្រង់ចំណុចផ្ទះសំណាក់៣ដុល្លារ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

    បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖